ប្រទេសបារាំងគ្រោងនឹងបញ្ចូលទឹកប្រាក់ចំនួន ៨ ពាន់លានអឺរ៉ូ ទៅក្នុងឧស្សាហកម្មរថយន្តរបស់ខ្លួនដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃការលក់ ក៏ព្រោះតែផលវិបាកនៃជំងឺរាតត្បាត COVID-19។ ប្រធានាធិបតីលោក Emmanuel Macron បានប្រកាសកញ្ចប់ថវិកានេះ ដែលមានតម្លៃប្រហែល ៨.៨ ពាន់លានដុល្លារ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតគ្រឿងបន្លាស់រថយន្តនៅភាគខាងជើងប្រទេសបារាំងកាលពីថ្ងៃអង្គារ។
វារួមបញ្ចូលទឹកប្រាក់រហូតដល់ទៅ ១២,០០០ អឺរ៉ូ ឬប្រហែល ១៣,០០០ ដុល្លារអាមេរិក ក្នុងការឧបត្ថម្ភដល់អតិថិជនដែលប្រើរថយន្តសាំងចាស់ៗដែលផលិតកាលពីជាង ១៥ ឆ្នាំមុន ដើម្បីទិញរថយន្តអគ្គិសនីប្រើវិញ ហើយកម្មវិធីនេះនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមិថុនា នេះតទៅ។ រដ្ឋាភិបាលបារាំងក៏បានសន្យាគាំទ្រការអភិវឌ្ឍអាគុយរថយន្តអគ្គិសនី និងរថយន្តកោសិកាឥន្ធនៈ ដើម្បីធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តបារាំងមានការប្រកួតប្រជែងក្នុងវិស័យនេះ។
លោក Emmanuel Macron បានសម្តែងក្តីសង្ឃឹមថា ឧស្សាហកម្មរថយន្តរបស់ប្រទេសបារាំងនឹងក្លាយជាអ្នកឈានមុខគេខាងបច្ចេកវិទ្យាដែលមិនប៉ះពាល់ដល់បរិស្ថាន។ លោកបានមានប្រសាសន៍ថា លោកចង់ឱ្យប្រទេសបារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុបក្នុងរយៈពេល ៥ឆ្នាំទៀត ដើម្បីផលិតរថយន្តអគ្គិសនី និងរថយន្តកូនកាត់ជាងមួយលានគ្រឿងក្នុងមួយឆ្នាំ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK


