យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ទីក្រុងហាណូយរបស់វៀតណាមកំពុងបង្ហាញក្ដីសង្ឃឹមថា នឹងអាចទាក់ទាញការវិនិយោគសរុបចំនួន ៣៨.៣ លានដុល្លារនៅឆមាសទីមួយ នៃឆ្នាំ២០២០នេះ ដែលស្មើនឹង ៦៤% នៃតួលេខក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភពដដែលបានបង្ហាញថា ដើមទុននេះបានមកពីគម្រោងថ្មីចំនួន ៥ ដែលមានទឹកប្រាក់សរុបជិត ១៥ លានដុល្លារអាមេរិក និង ១០គម្រោងទៀតដែលបន្ថែមដើមទុនដែលមានទឹកប្រាក់សរុប ២៣.៣ លានដុល្លារ។
លោក Le Quang Phong អនុប្រធានក្រុមប្រឹក្សាភិបាលគ្រប់គ្រងតំបន់ឧស្សាហកម្មកែច្នៃនិងនាំចេញហាណូយបាននិយាយថាសហគ្រាសក្នុងស្រុកបាននិងកំពុងប្រឈមមុខនឹងការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាតប្រភេទ COVID-19។ ពួកគេកំពុងខិតខំប្រឹងប្រែងធ្វើពិពិធកម្មប្រភពធនធានសម្រាប់ផលិតកម្ម និងស្វែងរកទីផ្សារប្រើប្រាស់ថ្មីឆ្ពោះទៅសម្រេចគោលដៅផលិតកម្មរបស់ខ្លួនសម្រាប់ឆមាសទី២ និងពេញមួយឆ្នាំ។

យ៉ាងណាមិញយោងតាមក្រុមប្រឹក្សាគ្រប់គ្រងតំបន់កែច្នៃឧស្សាហកម្ម និងនាំចេញ ទីក្រុងហាណូយបង្កើតការងារដល់កម្មករជិត ១៦០,០០០ នាក់ក្នុងនោះមានជនបរទេសចំនួន ១,២១៩ នាក់។ បន្ថែមពីនេះទីក្រុងបានដឹកនាំប្រទេសក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ដោយមានទឹកប្រាក់ចំនួន ៤.៧៥ ពាន់លានដុល្លារ ស្មើនឹង ៣០.៦% នៃមូលធនសរុបដែលបានបញ្ចូលទៅក្នុងសេដ្ឋកិច្ចវៀតណាម៕
ប្រភព៖ vietnamplus
អត្ថបទ៖ លីនី


