នាក្នុងជំនួបជួបពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន ជាមួយនឹងឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយមន្រ្តីការទូតជប៉ុន និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០២០ បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្ដល់នូវហិរញ្ញប្បទានឥតសំណងទឹកប្រាក់ប្រមាណ ២,០០០ លានយ៉េន (ប្រមាណ ១៨ លានដុល្លារអាមេរិក ជូនរដ្ឋាភិបាលកម្ពុជា។
យោងតាមឯកអគ្គរាជទូតជប៉ុន ហិរញ្ញប្បទានឥតសំណងនេះនឹងផ្ដល់ជូនតាមរយៈការផ្ដល់ជាឧបករណ៍ សម្ភារៈ និងបរិក្ខាពេទ្យជូនក្រសួងសុខាភិបាលសម្រាប់ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានជម្រាបជូនឯកឧត្តម Masahiro MIKAMI អំពីវិធានការបន្ទាន់ជាបន្តបន្ទាប់ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញសំដៅជួយដល់ វិស័យឯកជន កម្មករ-នយោជិត និងជនងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ពីការីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។

ជាកិច្ចឆ្លើយតបឯកអគ្គរាជទូតជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការយ៉ាងល្អប្រសើរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។ ដោយរដ្ឋាភិបាលជប៉ុននឹងបន្តផ្ដល់ជំនួយបច្ចេកទេស, ហិរញ្ញប្បទានឥឥសំណង ជាពិសេសប្រាក់កម្ចីឥណទានសម្បទានផងដែរ សម្រាប់ជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសរាតត្បាតនេះ និងស្ដារសេដ្ឋិច្ចឡើងវិញ បន្ទាប់ពីរងការវាយប្រហារពីវីរុសកូវីដ-១៩៕
អត្ថបទ៖ លីនី


