ប្រទេសជប៉ុនបានប្រកាសអំពីផែនការជំរុញសេដ្ឋកិច្ចថ្មីដែលមានតម្លៃជិត ៣០០ ពាន់លានដុល្លារកាលពីថ្ងៃពុធ (២៧ ខែឧសភា ឆ្នាំ២០២០) ដើម្បីបង្កើនសេដ្ឋកិច្ចបន្ទាប់ពីការរីករាលដាលនៃជំងឺឆ្លងវីរុស Covid-19 នេះបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ ខណៈការចំណាយរបស់អ្នកប្រើប្រាស់បានថយចុះដល់កម្រិតទាប ដែលជំរុញឲ្យមានវិបត្តិសេដ្ឋកិច្ចលើកដំបូងចាប់តាំងពីឆ្នាំ២០១៥ បើទោះបីជាចំនួនអ្នកឆ្លង និងចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺនេះមានចំនួនទាបក៏ដោយ ។
ជាការឆ្លើយតបគណៈរដ្ឋមន្រ្តីរបស់នាយករដ្ឋមន្រ្តី Shinzo Abe បានយល់ព្រមថវិកាពិសេសលើកទី២ ចំនួន ៣១.៩១ ទ្រីលានយ៉េន (២៩៦ ពាន់លានដុល្លារ) រួមទាំងការឧបត្ថម្ភធនសម្រាប់អាជីវកម្មខ្នាតតូច និងការផ្ដល់ប្រាក់ឧបត្ថម្ភដល់បុគ្គលិកពេទ្យ។ មិនតែប៉ុណ្ណោះថវិកានេះក៏នឹងត្រូវប្រើដើម្បីជួយដល់កម្មវិធីជួយសង្គ្រោះនិងប្រាក់កម្ចីសម្រាប់អាជីវកម្មដែលកំពុងជួបការលំបាកដែលមានតម្លៃ ១១៧ ទ្រីលានយ៉េនផងដែរ។
安倍首相会見 新型コロナ20200328194326437_Data.jpg)
គួរឲ្យដឹងផងដែរថា រួមជាមួយនឹងកញ្ចប់សកម្មភាពជំរុញដំបូងដែលបានអនុម័តកាលពីខែមុន វិធានការណ៍សរុបរបស់ជប៉ុនមានចំនួន ២៣០ ទ្រីលានយ៉េននៅពេលគ្រោងការណ៍ប្រាក់កម្ចីត្រូវបានគេពិចារណា។ ខណៈលោក Shinzo Abe បាននិយាយកាលពីថ្ងៃពុធថា «ជាមួយនឹងកញ្ចប់ធំបំផុតនៅលើពិភពលោកស្មើនឹង ៤០% នៃផលិតផលក្នុងស្រុកសរុបរបស់យើង យើងនឹងការពារសេដ្ឋកិច្ចជប៉ុនពីវិបត្ដិនេះ »។

យ៉ាងណាមិញក្រៅពីជួយដល់កម្មវិធីជួយសង្គ្រោះនិងប្រាក់កម្ចីសម្រាប់អាជីវកម្មដែលកំពុងជួបការលំបាក កញ្ចប់ថវិកានេះក៏ជាផ្នែកនៃកញ្ចប់ជំនួយទាក់ទងនឹងការផ្តល់ប្រាក់ចំនួន ១០ ម៉ឺនយ៉េន (៩៣០ ដុល្លារ) ដល់មនុស្សពេញវ័យ និងកុមារគ្រប់រូបនៅក្នុងប្រទេស។ រួមជាមួយវិធានការណ៍ជួយសង្គ្រោះផ្សេងទៀតដូចជា ប្រាក់ឧបត្ថម្ភដើម្បីជួយក្រុមហ៊ុនតូចៗបង់ថ្លៃឈ្នួល ផ្តល់ឱ្យបុគ្គលិកពេទ្យ និងជំនួយឥតសំណងដើម្បីជួយអភិវឌ្ឍថ្នាំនិងវ៉ាក់សាំង។

យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Taro Aso បានអះអាងថា៖ « យើងនឹងបង្កើនការចំណាយសាធារណៈអោយអស់ពីលទ្ធភាពតាមដែលអាចធ្វើបាន និងធ្វើឱ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញ។ យើងនឹងការពារការងារ និងអាជីវកម្មទាំងអស់នៅក្នុងប្រទេស »។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនបានកត់ត្រាករណីឆ្លងវីរុស Covid-19 ចំនួន ១៦,៦៥១នាក់ និង ៨៥៨ នាក់បានស្លាប់គិតត្រឹមថ្ងៃអង្គារនេះ។
ប៉ុន្តែការរីករាលដាលនៃការឆ្លងបានជំរុញឱ្យលោក Shinzo Abe ប្រកាសភាពអាសន្នទូទាំងប្រទេសដោយប្រគល់អំណាចដល់អភិបាលតំបន់ក្នុងការស្នើសុំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះហើយអំពាវនាវឱ្យបិទអាជីវកម្ម។ ទោះជានេះក្ដីលោកបានដកសេចក្តីប្រកាសអាសន្ននៅសប្តាហ៍នេះ ប៉ុន្តែបាននិយាយកាលពីថ្ងៃពុធថា វានឹងចំណាយពេលយូរណាស់សម្រាប់ប្រទេសដើម្បីវិលទៅរកភាពប្រក្រតីឡើងវិញ៕
ប្រភព៖ channelnewsasia
អត្ថបទ៖ លីនី


