សិង្ហបុរីនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅ និងអាក្រក់បំផុតមិនធ្លាប់មានចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៦៥ មក
សេដ្ឋកិច្ច May 26, 2020 Chan Sreyny

សិង្ហបុរីនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចកាន់តែជ្រៅនៅឆ្នាំនេះ ជាងការរំពឹងទុកនាពេលបច្ចុប្បន្ននេះ ចំពេលដែលការធ្លាក់ចុះនៃតំរូវការសកលដែលបណ្ដាលមកពីជំងឺរាតត្បាត ក៏ដូចជាផលប៉ះពាល់ពីវិធានការទប់ស្កាត់ការរីកដាលរបស់រដ្ឋាភិបាល។ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម (MTI) បាននិយាយនៅថ្ងៃនេះថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ ៧% ទៅ ៤% ដែលអាក្រក់ជាងការធ្លាក់ចុះពី ៤% ទៅ ១% ដែលបានព្យាករនាពេលកន្លងមក នេះអាចជាវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុតមិនធ្លាប់មានរបស់សិង្ហបុរីចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ ១៩៦៥ ។

ជាមួយគ្នានេះ (MTI) បានឲ្យដឹងបន្ថែមផងដែរថា ភាពមិនប្រាកដប្រជាគួរឲ្យកត់សម្គាល់នៅក្នុងសេដ្ឋកិច្ចពិភពលោក ជាមួយនឹងហានិភ័យដែលបណ្ដាលមកពីរលកនៃការឆ្លងរាលដាលនៅក្នុងសេដ្ឋកិច្ចធំៗ ដូចជាសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបអាចរំខានសកម្មភាពសេដ្ឋកិច្ចបន្ថែមទៀត។ ជាពិសេសប្រសិនបើការឆ្លងចាប់ផ្តើមកើនឡើងហើយវិធានការតឹងរឹងដូចជាការចាក់សោ និងការរឹតត្បិតការធ្វើដំណើរត្រូវបានរៀបចំឡើងវិញការធ្លាក់ចុះនៃសេដ្ឋកិច្ចទាំងនេះអាចនឹងធ្ងន់ធ្ងរ និងអូសបន្លាយជាងការរំពឹងទុក។

ដូចគ្នានេះផងដែរការយល់ឃើញដែលកំពុងកើនឡើងនៃសមត្ថភាពថយចុះក្នុងការប្រើប្រាស់រំញោចដល់សារពើពន្ធ និងរូបិយវត្ថុនៅក្នុងសេដ្ឋកិច្ចធំៗ ជាច្រើនអាចធ្វើឱ្យខូចទំនុកចិត្តលើសមត្ថភាពរបស់អាជ្ញាធរក្នុងការឆ្លើយតបទៅនឹងវិបត្ដិដែលធ្វើឱ្យអន្តរាយដល់តម្រូវការស្បៀងអាហារ និងជំរុញឲ្យមានការផ្លាស់ប្តូរទីផ្សារហិរញ្ញវត្ថុបន្ថែមទៀត ជាមួយនឹងការជះឥទ្ធិពលអវិជ្ជមានសម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូល។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ MTI បាននិយាយថា ប្រឆាំងនឹងស្ថានភាពនេះទស្សនវិស័យសម្រាប់សេដ្ឋកិច្ចសិង្ហបុរីបានចុះខ្សោយបន្ថែមទៀតចាប់តាំងពីខែមីនា។

លោក Gabriel Lim លេខាធិការអចិន្រ្តៃយ៍របស់ MTI បានមានប្រសាសន៍ថា វិស័យដែលពឹងផ្អែកពីក្រៅប្រទេសដូចជាផលិតកម្ម ពាណិជ្ជកម្មលក់ដុំ ដឹកជញ្ជូន និងការផ្ទុកទំនិញនឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការធ្លាក់ចុះយឺតជាងការរំពឹងទុកនៅក្នុងទីផ្សារសំខាន់ៗ ជាច្រើនរបស់ប្រទេសសិង្ហបុរីក៏ដូចជាបណ្តាញផ្គត់ផ្គង់ដែលអូសបន្លាយពេលបង្កើតជាការរំខាន។ បន្ថែមពីនេះវិធានការទប់ស្កាត់ការរីកដាលរបស់រដ្ឋាភិបាលដែលរួមមានទាំងការបិទកន្លែងធ្វើការភាគច្រើនផងដែរបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកធ្លាក់ចុះថែមទៀតរួមជាមួយការប្រើប្រាស់ក្នុងស្រុក។

ខណៈវិស័យដូចជាសំណង់និងវិស្វកម្មសមុទ្រ បានរងផលប៉ះពាល់យ៉ាងខ្លាំងពីកង្វះកម្លាំងពលកម្មដោយសារតែការផ្ទុះឡើងនៃការឆ្លងក្នុងចំណោមពលករបរទេស ជាពិសេសអ្នកដែលរស់នៅក្នុងតំបន់បន្ទប់ជួលសម្រាប់ពលករ (អន្តេវាសិកដ្ឋាន)។ បន្ថែមពីនេះទៅទៀត MTI កាលពីថ្ងៃអង្គារក៏បានឲ្យដឹងផងដែរថា សេដ្ឋកិច្ចបានធ្លាក់ចុះ ០.៧% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី១ ដែលផ្ទុយពីការកើនឡើង ១% នៅក្នុងត្រីមាសមុន ប៉ុន្តែប្រសើរជាងការធ្លាក់ចុះដែលបានប៉ាន់ស្មានកាលពីលើកមុនចំនួន ២.២៕

ប្រភព៖ nationthailand
អត្ថបទ៖ លីនី