យ៉ាងហោចណាស់ក្រុមហ៊ុនអាមេរិកចំនួន ១,០០០ ត្រូវឥណ្ឌាតាមចែចង់ ដើម្បីឱ្យពួកគេប្ដូរផ្លាស់ផលិតកម្មចេញពីប្រទេសចិន
សេដ្ឋកិច្ច May 25, 2020 Khmernote

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់បានប្រាប់កាសែត The Economic Times ថា ប្រទេសឥណ្ឌាបានចាប់ផ្តើមពិភាក្សាគ្នាលើការទាក់ទាញវិនិយោគិនពិភពលោក ដើម្បីឱ្យពួកគេផ្លាស់ប្ដូរផលិតកម្មចេញពីប្រទេសចិនមកកាន់ទឹកដីឥណ្ឌាវិញ។ នោះវាមានន័យថាឥណ្ឌាកំពុងពិភាក្សាគ្នារកមធ្យោបាយ ដែលអាចធ្វើឱ្យមានភាពងាយស្រួលដល់វិនិយោគិនទាំងនោះ ពិសេសគឺច្បាប់ស្ដីពីគុណភាពផលិតកម្មនៅគ្រប់ទីតាំងផ្សេងៗ។ ជាក់ស្ដែងដូចជានៅរដ្ឋ Uttar Pradesh, Madhya Pradesh និង Gujarat ដែលបានចេញបទបញ្ជាប្រតិបត្តិដែលលើកលែងសហគ្រាសថ្មីពីច្បាប់ការងារមួយចំនួនធំ ដូច្នេះអ្នកធ្វើការនៅទីនោះអាចធ្វើការពី ៨ ទៅ ១២ម៉ោង បានយ៉ាងស្របច្បាប់។

កាលពីដើមខែនេះប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌាបានទាក់ទងទៅអាជីវកម្មអាមេរិករហូតដល់ជាង ១,០០០ ជាមួយនឹងការផ្តល់ជូននូវការផ្លាស់ប្តូរទីតាំងពីប្រទេសចិន។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះរួមមាន៖ អ្នកផលិតឧបករណ៍វេជ្ជសាស្ត្រ ផ្នែកកែច្នៃអាហារ វាយនភ័ណ្ឌ ស្បែក និងអ្នកផលិតគ្រឿងបន្លាស់រថយន្ត។ ឥណ្ឌាក៏បានស្នើឱ្យមានការបន្ធូរបន្ថយច្បាប់ពន្ធនិងពលកម្ម ហើយអនុញ្ញាតឱ្យមានភាពងាយស្រួលជាងមុនចំពោះការប្រើប្រាស់ដី។ ពោលគឺក្រុមមន្រ្តីឥណ្ឌាបានប្រាប់ក្រុមហ៊ុនអាមេរិកទាំងនោះថា ប្រទេសឥណ្ឌាមានការសន្សំសំចៃជាងគេទាក់ទងនឹងការធានារឿងដីធ្លី និងកម្លាំងពលកម្មជំនាញ ព្រោះប្រសិនបើពួកគេផ្លាស់ទៅសហរដ្ឋអាមេរិក ឬទៅប្រទេសជប៉ុនវិញ ថ្លៃដើមនៅតែខ្ពស់ជាងកាលនៅប្រទេសចិនដដែល៕

អត្ថបទ៖ លីដា
ប្រភព៖ RT , SCMP