បន្ទាប់ពីបានឃើញការធ្លាក់ចុះយ៉ាងគំហុកនៃភ្ញៀវទេសចរបរទេសដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តរបស់ជប៉ុន ពោលគឺធ្លាក់ចុះដល់ទៅ ៩៩% កាលពីខែមេសា ដោយសារតែការរាតត្បាតពីវីរុស Covid-19 ប្រទេសជប៉ុនបានកំពុងព្យាយាមចាប់ផ្ដើមស្ដារវិស័យទេសចរណ៍ឡើងវិញ ដោយផ្ដល់ការឧបត្ថម្ភធនសម្រាប់ថ្ងៃឈប់សម្រាក។ ជាក់ស្ដែងទីភ្នាក់ងារទេសចរណ៍នៅសប្ដាហ៍នេះបានស្នើឲ្យបង់ប្រាក់ឱ្យជនបរទេសនូវតម្លៃពាក់កណ្ដាលនៃការចំណាយក្នុងការឈប់សម្រាកនៅប្រទេសជប៉ុន។
យោងតាមកាសែត Japantimes កាលពីពេលថ្មីៗនេះក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលកំពុងស្វែងរកការជំរុញទេសចរណ៍ក្នុងស្រុកដោយឧបត្ថម្ភធនមួយផ្នែកនៃការចំណាយលើការធ្វើដំណើរ នៅពេលដែលការឆ្លងវីរុសនេះត្រូវបានគ្រប់គ្រង។ លោក Hiroshi Tabata ប្រធានទីភ្នាក់ងារទេសចរណ៍បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា កម្មវិធីឧបត្ថម្ភធននេះមានតម្លៃ ១.១៥ ទ្រីលានយ៉េន (១២.៥ ពាន់លានដុល្លារ) ដែលអាចនឹងចាប់ផ្តើមនៅក្នុងខែកក្កដា ប្រសិនបើស្ថានភាពឆ្លងនៃវីរុសអាចគ្រប់គ្រងបាន។

ទោះបីជាយ៉ាងនេះក្ដីមិនទាន់មានការបញ្ជាក់លម្អិតណាមួយពីគម្រោងនៃការកម្មវិធីឧបត្ថម្ភធននេះនៅឡើយទេ ដូចជាការកាត់បន្ថយថ្លៃចំណាយលើសំបុត្រយន្តហោះលំដាប់ខ្ពស់របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនជាដើម។ គួរបញ្ជាក់ផងដែរថា ប្រទេសជប៉ុនកំពុងស្វែងរកការលើកទឹកចិត្តដល់ភ្ញៀវទេសចរបរទេស និងជំរុញវិស័យទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីប្រទេសសេដ្ឋកិច្ចធំជាងគេទី៣ មួយនេះបានសម្រេចហាមឃាត់ការធ្វើដំណើររបស់អ្នកដំណើរមកពីបណ្ដាមួយចំនួន។

ជាក់ស្ដែងជាលទ្ធផល គឺមានតែភ្ញៀវទេសចរមកពីក្រៅប្រទេសចំនួន ២,៩០០ នាក់ប៉ុណ្ណោះដែលបានចូលមកប្រទេសជប៉ុនក្នុងខែមេសា ដោយប្រទេសជប៉ុនរំពឹងថានឹងមានភ្ញៀវទេសចរ ៤០ លាននាក់នៅឆ្នាំនេះដោយសារព្រឹត្តិកាណ៍កីឡាអូឡាំពិក។ ខណៈកាលពីឆ្នាំមុនមានអ្នកទស្សនាចំនួន ៣១.៩ លាននាក់៕

ប្រភព៖ japantimes ,simpleflying
អត្ថបទ៖ លីនី


