ហ្វីលីពីន គ្រោងនឹងដាក់ចេញច្បាប់ថ្មីដើម្បីយកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Facebook, Google និងមួយចំនួនទៀតដើម្បីយកប្រាក់មកទប់ទល់នឹងនឹងវីរុស Covid-19
សេដ្ឋកិច្ច May 23, 2020 Chan Sreyny

យោងតាមសេចក្ដីព្រាងច្បាប់ដែលត្រូវបានដាក់បញ្ចូលក្នុងសភារបស់ហ្វីលីពីនក្នុងគោលបំណងយកពន្ធលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Facebook, Google និង Youtube, Netflix និង Spotify ដើម្បីប្រមូលថវិកាសម្រាប់ការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។ សេចក្ដីព្រាងច្បាប់នេះរកប្រាក់ចំនួន (៥៧១ លានដុល្លារ) ដោយដាក់បន្ថែមតម្លៃពន្ធលើសេវាកម្មឌីជីថលដែលបានផ្ដល់នៅក្នុងប្រទេសហ្វីលីពីនដែលជាតំបន់ដ៏សំខាន់មួយសម្រាប់ប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈប្រជាជនរបស់ខ្លួនស្ថិតក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមច្រើនជាងគេនៅលើពិភពលោក។

បើតាមសមាជិកសភាលោក Joey Salceda ដែលជាអ្នកតាក់តែងសេចក្ដីព្រាងច្បាប់នេះបានឲ្យដឹងថា ប្រទេសហ្វីលីពីនបានចំណាយច្រើនដើម្បីប្រយុទ្ធនឹងវីរុស ហើយប្រទេសមួយនេះត្រូវការលុយបន្ថែមទៀតដើម្បីបន្តប្រយុទ្ធប្រឆាំង និងធ្វើឲ្យប្រទេសប្រសើរឡើងវិញ។ លោកបានបន្តថា ចាប់ផ្តើមពីឆ្នាំក្រោយទៅ មូលនិធិដែលប្រមូលបានពីពន្ធថ្មីក៏នឹងត្រូវបានប្រើដើម្បីផ្តល់ហិរញ្ញប្បទានដល់កម្មវិធីឌីជីថលមួយចំនួនដូចជា គម្រោងអ៉ីនធឺណេតជាតិ និងការសិក្សាឌីជីថល ដើម្បីបំពេញកង្វះខាតនៃការអប់រំដែលបណ្តាលមកពីការបិទសាលារៀន។

ទោះបីជាយ៉ាងណាច្បាប់ពន្ធថ្មីនេះអាចចំណាយពេលមួយរយៈ មុនពេលដែលសំណើត្រូវបានគ្រោងសម្រាប់ការជជែកដេញដោល ខណៈដែលសមាជិកសភាកំពុងមមាញឹកក្នុងការពិភាក្សាលើកញ្ចប់ជំរុញសេដ្ឋកិច្ចដើម្បីជំរុញសេដ្ឋកិច្ចហ្វីលីពីនដែលត្រូវបានបំផ្លាញដោយការបិទទ្វារដែលបណ្តាលមកពីជំងឺរាតត្បាត។​ កាលពីសប្តាហ៍មុនប្រទេសឥណ្ឌូនេស៊ីដែលជាប្រទេសជិតខាងបានប្រកាសផែនការសម្រាប់អាករលើតម្លៃបន្ថែម ១០% លើផលិតផលឌីជីថលចាប់ពីខែកក្កដាដើម្បីបង្កើនប្រាក់ចំណូលនៅពេលមានការរាតត្បាត៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី