និស្សិតបរទេសដែលអាចទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុនគឺមានតែ ៣០% ប៉ុណ្ណោះនៃនិស្សិតសរុបដោយសារហេតុផលមួយនេះ
សេដ្ឋកិច្ច May 22, 2020 Chan Sreyny

រដ្ឋាភិបាលជប៉ុនបានកំណត់លក្ខណៈវិនិច្ឆ័យបន្ថែមសម្រាប់និស្សិតបរទេស ដែលសង្ឃឹមថានឹងទទួលបានថវិកាឧបត្ថម្ភជាទឹកប្រាក់រហូតដល់ ២០០,០០០ យ៉េន (១,៩០០ ដុល្លារ) សម្រាប់និស្សិតនៅក្នុងប្រទេសកំពុងជួបការលំបាកផ្នែក​ហិរញ្ញវត្ថុចំពេលមានជំងឺរាតត្បាត Covid-19។ ជាលទ្ធផលមានតែនិស្សិតដែលមានកម្រិតពិន្ទុខ្ពស់ជាងគេចំនួន ៣០% ក្នុងចំណោមនិស្សិតបរទេសទាំងអស់ប៉ុណ្ណោះដែលមានសិទ្ធទទួលបានប្រាក់ឧបត្ថម្ភនេះ។

លក្ខខណ្ឌបន្ថែមដែលនឹងបង្កើតគម្លាតក្នុងការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់និស្សិតដែលប្រឈមនឹងការលំបាកក្នុងការបង់ថ្លៃសិក្សា ឬ ថ្លៃរស់នៅ បានបង្កឱ្យមានការរិះគន់នៅពេលនិស្សិតបរទេសជាច្រើនជួបប្រទះនូវបញ្ហាប្រឈមដូចគ្នានឹងនិស្សិតជប៉ុន។ សមាជិកក្រុមតស៊ូមតិនិស្សិតដែលបានអំពាវនាវដល់រដ្ឋាភិបាលដើម្បីកាត់បន្ថយការចំណាយសាលារៀនបានហៅថាការសម្រេចចិត្តនេះគឺជា «ការរើសអើងបំផុត »។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងអប់រំបានពន្យល់អំពីការសម្រេចរបស់រដ្ឋាភិបាលនេះថា ដោយសារកន្លងមកនិស្សិតបរទេសជាច្រើនបានត្រលប់ទៅប្រទេសកំណើតវិញបន្ទាប់ពីរៀនចប់ ដូច្នេះរដ្ឋាភិបាលបានដាក់លក្ខខណ្ឌមួយដើម្បីកំណត់ការចែកជូនដល់និស្សិតបរទេសដែលមានចំនេះដឹងខ្ពស់ ដែលអាចនឹងរួមចំណែកដល់ប្រទេសជប៉ុននាពេលអនាគត។ យ៉ាងណាមិញរដ្ឋាភិបាលនឹងពឹងផ្អែកលើស្ថាប័នដើម្បីកំណត់ថាតើនិស្សិតណាដែលគួរទទួលជំនួយនោះ ហើយអ្នកដែលមិនបំពេញតាមលក្ខណៈវិនិច្ឆ័យអាចនៅតែមានសិទ្ធិទទួលបានការឧបត្ថម្ភនេះ។

យោងតាមក្រសួងលក្ខណៈវិនិច្ឆ័យដែលនិស្សិតត្រូវមានដើម្បីទទួលបានជំនួយនេះរួមមាន ការកាត់បន្ថយចំណូលជាង ៥០% ក្នុងមួយខែពីការងារក្រៅម៉ោងដើម្បីទ្រទ្រង់ថ្លៃសិក្សា និស្សិតក្នុងគ្រួសារដែលមានប្រាក់ចំនូលប្រចាំឆ្នាំតិចជាង ១.៥ លានយ៉េន រួមទាំនិស្សិតដែលរស់នៅតែម្នាកឯងផងដែរ។ លើសពីនេះនិស្សិតបរទេសដែលអាចទទួលបានប្រាក់ឧបត្ថម្ភ ត្រូវតែទទួលបានពិន្ទុខ្ពស់ និងទទួលបានពិន្ទុមធ្យមយ៉ាងហោចណាស់ ២.៣០ ក្នុងឆ្នាំសិក្សាកន្លងមក។ ជាក់ស្ដែងក្រសួងបាននិយាយថា និស្សិតដែលកម្រិតពិន្ទុនេះមានចំនួនពី ២៥% ទៅ ៣០% នៃនិស្សិតបរទេសសរុប។

គួរម្លឹកផងដែរថា កាលពីពាក់កណ្ដាលខែឧសភារដ្ឋាភិបាលជប៉ុនបានស្នើឲ្យបង់ប្រាក់ចំនួន ២០០,០០០ យ៉េន (១,៩០០ ដុល្លារ) ដល់និស្សិតដែលគ្មានលទ្ធភាពបង់ថ្លៃសិក្សាដោយសារតែផ្នែកហិរញ្ញវត្ថុត្រូវបានរងការវាយប្រហារពីវីរុសរាតត្បាត Covid-19។ ក្នុងនោះផងដែរនិស្សិតដែលធ្វើការងារក្រៅម៉ោងហើយប្រាក់ចំណូលបានធ្លាក់ចុះពាក់កណ្ដាល ឬ ច្រើនជាងនេះ និងអ្នកដែលមកពីគ្រួសាររកប្រាក់បានតិចតួចក្នុងការបង់ពន្ធប្រាក់ចំណូលក្នុងស្រុក នឹងមានសិទ្ធទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០,០០០ យ៉េន (ប្រហែល ៩៣២​ ដុល្លារ) ផងដែរ៕

ប្រភព៖ kyodonews
អត្ថបទ៖ លីនី