វិបត្តិជំងឺរាតត្បាតជាសកល COVID-19 អាចជំរុញឱ្យមនុស្សនៅទូទាំងពិភពលោកប្រមាណ ៦០ លាននាក់ ធ្លាក់ចូលទៅក្នុងភាពក្រីក្រ។ ធនាគារពិភពលោកបានធ្វើការព្រមានពីការធ្លាក់ចុះនៃសេដ្ឋកិច្ចជាសកល ហើយបានពិពណ៌នាវាថាជាវិបត្តិធំមួយដែលមិនធ្លាប់មាន។ ធនាគារដែលតែងតែផ្ដល់ប្រាក់កម្ចីនិងជំនួយឥតសំណងទៅដល់ប្រទេសក្រីក្រមួយនេះ បានព្យាករណ៍ផលប៉ះពាស់នៃជំងឺ COVID-19 ចំពោះប្រជាជននៅទូទាំងពិភពលោកតាំងតែពីខែមេសា ដោយនិយាយថាឆ្នាំនេះជាឆ្នាំដែលពិភពលោកដើរថយក្រោយទៅរកវិសមភាព និងបង្កឱ្យមានភាពក្រីក្រច្រើនជាងមុនជាលើកដំបូងបំផុតចាប់តាំងពីឆ្នាំ១៩៩៨។ តាមការប៉ាន់ស្មានយ៉ាងសម្រិតសម្រាំងរបស់ធនាគារ ពួកគេនិយាយថាប្រជាជនចំនួន ៤៩លាននាក់ នឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំងតែម្ដង ហើយប្រជាជនម្នាក់អាចរកចំណូលប្រចាំថ្ងៃបានត្រឹមតែ ១.៩ ដុល្លារអាមេរិកប៉ុណ្ណោះ។
យោងតាមការចុះផ្សាយរបស់ CNN បានបន្ថែមថា ការកើនឡើងនៃជំងឺ COVID-19 នាពេលថ្មីៗនេះ ក៏កំពុងបង្ខំឱ្យធនាគារពិភពលោកដាក់ពង្រាយនូវការឆ្លើយតបជាមួយនឹងវិបត្តិឱ្យបានទូលំទូលាយ និងលឿនបំផុត។ ធនាគារបាននិយាយថា កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់របស់ខ្លួន បានទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ១០០ រួចទៅហើយ ដែលស្មើនឹងប្រជាជន ៧០% របស់ពិភពលោក។ ធនាគារពិភពលោកមានគោលបំណងជួយសហគមន៍ងាយរងគ្រោះ តាមរយៈការផ្តល់ជំនួយនិងប្រាក់កម្ចីដល់បុគ្គលនិងអាជីវកម្ម ក៏ដូចជាផ្អាកការទូទាត់បំណុលសម្រាប់ប្រទេសក្រីក្រមួយចំនួននៅលើពិភពលោក។ ពោលគឺធនាគារបានជួយយ៉ាងហោចណាស់ ១៦០ ពាន់លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 គិតមកទល់ពេលនេះ។ ពលករធ្វើការនៅបរទេសក៏កំពុងបាត់បង់ការងារធ្វើ ដូច្នេះការផ្ទេរប្រាក់ក្នុងឆ្នាំនេះនឹងមានការថយចុះ ២០% ឬ ១០០ ពាន់លានដុល្លារអាមេរិក។ មនុស្សរាប់សិបលាននាក់នៅទ្វីបអាហ្រ្វិក អាចនឹងក្លាយជាប្រទេសក្រីក្រជាងមុនដែលជាលទ្ធផលនៃវិបត្តិនៃជំងឺ COVID-19 នេះ៕


អត្ថបទ៖ លីដា
ប្រភព៖ CNN


