នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខា ជាមួយវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (International Rice Research Institute, IRRI) លើឯកសារផែនការ ៤ឆ្នាំស្តីពី ” កិច្ចសហការរួមគ្នាក្នុងភាពជាដៃគូសម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកទេស ក្នុងការស្រាវជ្រាវ និងការបណ្តុះបណ្តាលអំពីផលិតកម្មដំណាំស្រូវ និងស្រូវជាមូលដ្ឋានក្នុងប្រព័ន្ឋផលិតកម្មស្បៀង”។
យោងតាមការបង្ហោះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មុននេះបន្តិចបានឲ្យដឹងថាឯកសារនេះត្រូវបានចុះហត្ថលេខាដោយឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាមួយបណ្ឌិត Dr. Yurdi Yasmi តំណាងអង្គការ IRRI ប្រចាំកម្ពុជា និងដោយមានឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងនាយកវិទ្យាស្ថាន CARDI អញ្ជើញចូលរួមផងដែរ។

នាឱកាសដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងការស្វាគមន៍ និងគាំទ្រលើផែនការនេះ ហើយតាមរយៈ Dr. Yurdi Yasmi ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងរូបលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះវិទ្យាស្ថាន IRRI ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងកាអភិវឌ្ឍផលិតកម្មដំណាំស្រូវនៅកម្ពុជា ជាងនេះទៅទៀតបានរួមចំណែកធ្វើឱ្យគុណភាពអង្ករកម្ពុជាត្រូវបានទីផ្សារអន្តរជាតិទទួលស្គាល់ថាជាអង្ករមានគុណភាពល្អបំផុត។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា IRRI នឹងនៅតែបន្តជួយដល់ផលិតកម្មដំណាំស្រូវឱ្យមានការរីកចម្រើនមួយកម្រិតទៀតរួមទាំងបច្ចេកវិទ្យា និងពូជ ជាពិសេសពូជគ្រឹះ (Foundation Seed) ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មដំណាំស្រូវឱ្យមានការរីកចម្រើន ឈានទៅបង្កើនសមត្ថភាពប្រកួតប្រជែងទីផ្សារជាមួយប្រទេសក្នុងតំបន់ និងជាពិសេសជាមួយប្រទេសជិតខាង។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ឯកសារផែនការ ៤ឆ្នាំ ដែលបានចុះហត្ថលេខានាពេលនេះ គឺមានសារសំខាន់ក្នុងការបំពេញ និងពង្រឹងបន្ថែមទៅលើចំណុចខ្វះខាតនៃការអនុវត្តបច្ចេកទេស ការងារបណ្តុះបណ្តាល ការស្រាវជ្រាវ និងការផ្សព្វផ្សាយពូជស្រូវកម្ពុជា ក្នុងទិសដៅបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ លើកកម្ពស់គុណភាពអង្ករ ពង្រឹងខ្សែច្រវាក់តម្លៃបន្ថែម និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ឈានទៅសម្រេចគោលនយោបាយនៃការនាំចេញអង្ករទៅកាន់ទីផ្សារពិភពលោកនាពេលអនាគតដ៏ខ្លី។

ឆ្លៀតយកឱកាសនេះ Dr. Yurdi Yasmi បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តីដែលបានចំណាយពេលវេលាដ៏មានតម្លៃ ធ្វើការចុះហត្ថលេខាលើឯកសារផែនការ៤ឆ្នាំ រួមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាស្ថាន CARDI និងអគ្គនាយកដ្ឋានកសិកម្មដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរ ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងត្រូវពង្រឹង និងពង្រីកដើម្បីចូលរួមអភិវឌ្ឍវិស័យផលិតកម្មស្រូវកម្ពុជាឱ្យមានការរីកចម្រើនបន្ថែមទៀត តាមរយៈពង្រីកការងារស្រាវជ្រាវ ផ្សព្វផ្សាយ បណ្តុះ បណ្តាលបច្ចេកទេសផលិត និងជ្រើសរើសពូជ ផលិតកម្ម និងការរៀបចំគោលនយោបាយសំខាន់ៗទាក់ទងផលិតកម្មស្រូវកម្ពុជា និងការនាំចេញ៕
ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ


