អង់គ្លេសត្រៀមលុយជិត ៨០ លានដុល្លារដើម្បីបញ្ចេញវ៉ាក់សាំងការពារវីរុស Covid-19 ចំនួន ៣០ លាននៅដើមខែកញ្ញានេះ
សេដ្ឋកិច្ច May 19, 2020 Chan Sreyny

យោងតាមរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា អង់គ្លេសអាចនឹងដាក់ចេញវ៉ាក៉សាំងការពារវីរុស Covid-19 ចំនួន ៣០ លាននៅដើមខែកញ្ញាឆ្នាំ២០២០ នេះ។ នៅក្នុងសេចក្ដីប្រកាសមួយកាលពីពេលថ្មីៗនេះៗ រដ្ឋាភិបាលអងគ្លេសបាននិយាយថា អង៉គ្លេសនឹងក្លាយជាប្រទេសដំបូងគេ ដែលបានផ្ដល់នូវការចាក់វ៉ាក់សាំង ដែលត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យ Oxford ប្រសិនបើវាបង្ហាញថាទទួលបានជោគជ័យក្នុងការសាកល្បងព្យាបាល។

គួរឲ្យដឹងផងដែរថា កាលពីខែមេសា សាកលវិទ្យាល័យ Oxford បានប្រកាសថា ខ្លួនបានចុះកិច្ចព្រមព្រៀងផ្តល់អាជ្ញាប័ណ្ណជាមួយក្រុមហ៊ុន AstraZeneca ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនផលិតឱសថខ្នាតយក្ស និងចែកចាយវ៉ាក់សាំងនៅទូទាំងពិភពលោក។ ទន្ទឹមនឹងនេះដែរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មចក្រភពអង់គ្លេសលោក Alok Sharma បានបង្ហាញថវិកាចំនួន ៦៥.៥ លានផោន (៧៩ លានដុល្លារ) ជាថវិកាថ្មីរបស់រដ្ឋាភិបាលសម្រាប់គម្រោងនេះ កាលពីថ្ងៃអាទិត្យ។

ខណៈរដ្ឋាភិបាលបានប្រកាសថាក្រុមហ៊ុន AstraZeneca នឹងធ្វើការដើម្បីបង្កើតវ៉ាក់សាំងរហូតដល់ ៣០ លានសំរាប់ប្រជាជននៅចក្រភពអង់គ្លេសនៅខែកញ្ញាប្រសិនបើការសាកល្បងទទួលបានជោគជ័យ។ ក្រុមហ៊ុន AstraZeneca ក៏បានឲ្យដឹងផងដែរថា វាក់សាំងដែលបង្កើតដោយអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Jenner និង Oxford នឹងដឹងលទ្ធផលនៅខែកក្កដា ថាតើវ៉ាក់សាំងរបស់ពួកគេដែលបានចាប់ផ្ដើមសាកល្បងទៅលើមនុស្សកាលពថ្ងៃទី២៤ ខែមេសា មានប្រសិទ្ធភាពក្នុងការការពារការឆ្លងវីរុស Covid-19 ឬយ៉ាងណា៕

ប្រភព៖ cnbc
អត្ថបទ៖ លីនី