ការិយាល័យគោលនយោបាយសហគ្រាសរដ្ឋ (SEPO) នាថ្ងៃច័ន្ទ ទី១៨ ខែឧសភានេះ បានអនុម័តផែនការស្ដារនីតិសម្បទារបស់ក្រុមហ៊ុន Thai Airways International ដែលនឹងអនុញ្ញាតឲ្យក្រុមហ៊ុននេះដាក់ពាក្យស្នើសុំក្ស័យធន។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Narumon Pinyosinwat បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំនៅ (SEPO) ថា ក្រុមហ៊ុន Thai Airways នឹងដាក់ពាក្យសុំក្ស័យធននៅតុលាការក្ស័យធនកណ្តាលនៅប្រទេសថៃ បន្ទាប់ពីទទួលបានការយល់ព្រមពីនាយករដ្ឋមន្រ្តីក្នុងពេលប្រជុំ។
ជាមួយគ្នានេះលោក Narumon មិនបានធ្វើការបកស្រាយនោះទេ ខណៈពេលដែលអ្នកសារព័ត៌មានបានចោទសួរថា តើក្រសួងហិរញ្ញវត្ថុនឹងបន្ថយការកាន់កាប់ភាគហ៊ុនរបស់ Thai Airways ឱ្យនៅតិចជាង ៥០% ។ យ៉ាងណាមិញបើតាមអតីតសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍មួយនេះ លោក Banyong Pongpanich បាននិយាយកាលពីសប្តាហ៍មុនថា ក្រុមហ៊ុនឥឡូវនេះមានបំណុលជាង ៣០០ ពាន់លានបាត។ ហើយថ្ងៃផុតកំណត់សងប្រាក់កម្ចីរបស់ក្រុមហ៊ុន ត្រូវបានកំណត់នៅចុងខែឧសភា ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍មិនអាចបំពេញតាមកាតព្វកិច្ចរបស់ខ្លួន ដោយសារតែការរីករាលដាលនៃវីរុស Covid-19 ដែលបានធ្វើឱ្យរាំងស្ទះដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍នៅជុំវិញពិភពលោក។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែមេសា ក្រុមហ៊ុនអាកាសចរណ៍មួយនេះបាននិយាយថា ពួកគេនៅសល់ប្រាក់គ្រប់គ្រាន់ដើម្បីបើកប្រាក់ឈ្នួលរបស់និយោជិករបស់ពួកគេសម្រាប់មួយខែ ខណៈដែលថវិកាប្រចាំឆ្នាំសម្រាប់ឆ្នាំ២០២០ ពេលនេះបានធ្លាក់ចុះចន្លោះពី ១០ ទៅ ១២ ពាន់លានបាត។ បន្ថែមពីនេះក្រុមហ៊ុនក៏បានប្រកាសពីការខាតបង់សុទ្ធចំនួន ២.១១ ពាន់លានបាតក្នុងឆ្នាំ២០១៧ ចំនួន ១១.៦ ពាន់លានបាតនៅឆ្នាំ២០១៨ និង ១២ ពាន់លានបាតនៅឆ្នាំ២០១៩ ផងដែរ៕

ប្រភព៖ thaienquirer
អត្ថបទ៖ លីនី


