ប្រទេសថៃកាលពីពេលថ្មីៗនេះ បានពន្យារពេលការហាមឃាត់ជើងហោះហើរអ្នកដំណើរអន្តរជាតិជាថ្មីម្ដងទៀតក្នងរយៈពេលមួយខែទៀត ពោលគឺនឹងពន្យាររហូតដល់ថ្ងៃទី៣០ ខែមិថុនា ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃបាននិយាយនៅលើគេហទំព័ររបស់ខ្លួនកាលពីល្ងាចថ្ងៃទី ១៦ ឧសភាថា ជើងហោះហើរដែលមកពីក្រៅប្រទេសមិនអនុញ្ញាតឲ្យចុះចតនៅអាកាសយានដ្ឋានថៃនោះទេ រហូតដល់ថ្ងៃទី ៣០ ខែមិថុនា។
ប៉ុន្តែសម្រាប់យន្តហោះ និងជើងហោះហើរមួយចំនួនត្រូវបានលើកលែងឲ្យចុះចតរួមមាន យន្តហោះរដ្ឋ ឬយោធា ការចុះចតបន្ទាន់ ឬ បច្ចេកទេសជំនួយមនុស្សធម៌ថ្នាំ និងការសង្គ្រោះករណី Covid-19។ បន្ថែមពីនេះជើងហោះហើររួមជាមួយការធ្វើមាតុភូមិនិវត្តន៍ និងយន្តហោះដឹកទំនិញផងដែរ។ គួរបញ្ជាក់ផងដែរថាការប្រកាសនេះធ្វើឡើងបន្ទាប់ពីប្រទេសថៃបានចាប់ផ្ដើមបន្ធូរបន្ថយការរឹតត្បិតនៅតាមតំបន់ ហើយក៏ត្រូវបានគេរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីកាលពីសប្តាហ៍មុន ខណៈដែលរដ្ឋាភិបាលថៃក៏មិនទាន់សម្រេចចិត្តថាតើត្រូវពន្យារក្រឹត្យគ្រាអាសន្នដែលផុតកំណត់នៅថ្ងៃទី៣១ ខែឧសភានេះ ឬក៏យ៉ាងណាទេ៕


ប្រភព៖ bangkokpost
អត្ថបទ៖ លីនី


