តម្លៃមាសកើនឡើងដល់កម្រិតខ្ពស់បំផុត ខណៈអ្នកបាត់បង់ការងារនៅអាមេរិកឈានដល់ ៣៦ លាននាក់
សេដ្ឋកិច្ច May 16, 2020 Chan Sreyny

តម្លៃមាសបានឡើងដល់កម្រិតខ្ពស់បំផុតរយៈពេលបីសប្ដាហ៍ដោយសារព័ត៌មានបានចុះផ្សាយថា ជនជាតិអាមេរិកជិត ៣ លាននាក់បន្ថែមទៀតបានដាក់ពាក្យសុំប្រាក់សង្រ្គោះ ដែលនាំឲ្យចំនួនអ្នកបាត់បង់ការងារដោយសារវីរុស Covid-១៩ បានកើនឡើងដល់ ៣៦ លាននាក់។ ការកើនឡើងយ៉ាងគំហុកនេះបានបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

តម្លៃមាសបានឡើងដល់ចំណុចមួយដែលមិនអាចគ្រប់គ្រងបានគឺ ១,៧៣៦ ដុល្លារអាមេរិកក្នុងមួយអោនកាលពីរសៀលថ្ងៃសុក្រម៉ោងក្នុងប្រទេសថៃ ខណៈពេលដែលតម្លៃមាសក្នុងស្រុកមានតម្លៃ ២៦,៣០០បាត ក្នុង​ទម្ងន់​ ១​បាត (បាត គឺជា​ឯក​តា​រង្វាស់​ទម្ងន់​មាស​ក្នុង​ប្រទេស​ថៃដែល​ក្នុង​មួយ​ ១​បាត​ស្មើនឹង​ ១៥.២៤​ ក្រាម​នៃ​ដុំ​មាស​មិន​ទាន់​កែ​ច្នៃ ឬ​ស្មើនឹង​១៥.១៥​ក្រាម ប្រសិនបើ​លក់​ចេញ​ជា​គ្រឿងអលង្ការ​)។ ជាមួយគ្នានេះតម្លៃលោហៈមានតម្លៃបានកើនឡើង ១៧.៧% ក្នុងរយៈពេល ៦ ខែហើយបានកើនឡើង ៣៥% បើប្រៀបធៀបទៅនឹងឆ្នាំមុន។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនថៃក្នុងស្រុកមួយបានមានប្រសាសន៍ថា ភាពអត់ការងារធ្វើរបស់សហរដ្ឋអាមេរិកគិតចាប់ពីដើមខែនេះរហូតដល់ថ្ងៃទី៩ ខែឧសភាមានចំនួនសរុប ២.៩៨ លាននាក់ ដែលខ្ពស់ជាងការរំពឹងទុករបស់ទីផ្សារចំនួន ២.៥ លាននាក់។ ហើយតួលេខដែលកើនឡើងក្នុងរយៈពេល ៨ សប្តាហ៍ចុងក្រោយនេះតំណាងឱ្យប្រមាណមួយភាគបួននៃប្រជាជនអាមេរិកដែលគ្រប់អាយុធ្វើការ ដូច្នេះទីផ្សារមានការព្រួយបារម្ភថាការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិកអាចនឹងយឺតជាងការរំពឹងទុក។បន្ថែមពីនេះលោកក៏បានសង្កត់ធ្ងន់ថា ភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងចិនចំពោះវិបត្តិ Covid-19 កាន់តែធ្វើឱ្យទំនុកចិត្តចុះខ្សោយ៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី