ទុរេន និងមង្ឃុតថៃ ត្រូវបានបញ្ជាទិញ និងដឹកជញ្ជូនជាង ៨០ តោន ទៅកាន់ប្រទេសចិនជាលើកដំបូងក្នុងអំឡុងវិបត្តិ​ Covid-19 នេះ
សេដ្ឋកិច្ច May 16, 2020 Chan Sreyny

ថៃ៖ នាយកដ្ឋានកសិកម្ម (DA) បាននិយាយថា ថៃបាននាំចេញផ្លែទុរេន និងមង្ឃុតទៅកាន់ប្រទេសចិនជាលើកដំបូងហើយបានដឹកជញ្ជូនទៅដល់ប្រទេសដែលជាទីផ្សារធំបផុតរបស់ខ្លួននាថ្ងៃសុក្រកន្លងម្សិលមិញនេះ។ លោក Sermsuk Salakpet អគ្គនាយកនៃអគ្គនាយកដ្ឋានគយបានឲ្យដឹងថា ផ្លែទុរេនប្រមាណ ១៨ តោន និងមង្ឃុតចំនួន ៦៤ តោនដែលមានតម្លៃ ៦ លានបាតបានដឹកទៅដល់ចំណុចត្រួតពិនិត្យគយនៅព្រំដែន Dongxing ក្នុងតំបន់ស្វយ័ត Guangxi នៅភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។

ប្រភពដដែលបានឲ្យដឹងថា ផ្លែឈើទាំងនេះត្រូវបាបញ្ជាទិញ និងដឹកជញ្ជូនពីប្រទេសថៃទៅកាន់ប្រទេសវៀតណាម ហើយត្រូវបញ្ជូនបន្តតាមរថភ្លើងទៅកាន់ប្រទេសចិន។ ខណៈជំងឺរាតត្បាត Covid-19 បានបង្ខំឲ្យបិទច្រកព្រំដែនចិន – វៀតណាមក្នុងខេត្ត Guangxi ដែលបណ្តាលឱ្យរថយន្តដឹកផ្លែឈើរួមទាំងទំនិញពីប្រទេសថៃបង្វែរទិសដៅទៅច្រក Youyi Guan វិញ។ ទោះបីជាយ៉ាងនេះក្ដីការដឹកជញ្ជូនក៏នៅតែត្រូវបានពន្យាពេលបានធ្វើឱ្យខូចគុណភាពផ្លែឈើ ជាពិសេសទុរេនទុំមុនទៅដល់ឈ្មួញចិន។

ចំពោះបញ្ហានេះភាគីប្រទេសថៃបានជួយពិភាក្សាជាមួយនឹងភាគីប្រទេសចិន ហើយប្រទេសចិនបានសម្រេចបើកច្រកព្រំដែនចំនួនពីរបន្ថែមទៀតសម្រាប់ការនាំចូលផ្លែឈើថៃមួយកន្លែងនៅ Dongxing នៃខេត្ត Quang Ninh ភាគខាងជើងប្រទេសវៀតណាម និងមួយផ្សេងទៀតនៅច្រកព្រំដែន Ping Xiang ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅច្រកទ្វារព្រំដែន Youyi Guan។ គួរបញ្ជាក់ផងដែរថា ទំនិញថៃដល់ទៅ ៧០ កុងតឺន័រត្រូវបានដឹកជញ្ជូនទៅប្រទេសចិនតាមរថភ្លើងចំនួន ៤ ដងក្នុងមួយថ្ងៃពីប្រទេសវៀតណាម៕


ប្រភព៖ bangkokpost
អត្ថបទ៖ លីនី