ជប៉ុន៖ អាជ្ញាធរអន្តោប្រវេសន៍បាននិយាយកាលពីព្រហស្បតិ៍ថា ចំនួនភ្ញៀវទេសចរបរទេសធ្វើដំណើរទៅកាន់ប្រទេសជប៉ុនក្នុងខែមេសា បានធ្លាក់ចុះ ៩៩% ពីមួយឆ្នាំមុនមកនូវត្រឹមចំនួន ១,២៥៦ នាក់ ដោយសារប្រទេសនេះបានរឹតបន្តឹងការត្រួតពិនិត្យនៅព្រំដែនដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុស Covid-19។
យោងតាមទីភ្នាក់ងារអន្តោប្រវេសន៍ជប៉ុនបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរមកពីប្រទេសចិន ដែលប្រជាជនមកកាន់ប្រទេសជប៉ុនច្រើនជាងគេបំផុតបានធ្លាក់ចុះពី ៥៩៨,៨៩៦ នាក់មកនូវត្រឹមតែ ២៩ នាក់ ប្រៀបធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះដែរចំនួនភ្ញៀវមកពីប្រទេសកូរ៉េខាងត្បូងមានត្រឹមតែ ២៤ នាក់ ធ្លាក់ចុះពី ៥៤៦,៣៦៨ នាក់។ ដោយឡែកចំនួនអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិកមានចំនួន ២៩៦ នាក់ធ្លាក់ចុះពី ១៦៤,៤៣៥ នាក់ និងអ្នកទេសចរមកពីអឺរ៉ុបសរុប ៥៨ នាក់ធ្លាក់ចុះពី ២៣៦,៧០៧ នាក់។

ពាក់ព័ន្ធមូលហេតុដែលបណ្ដាលឲ្យចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះយ៉ាងគំហុកនេះ គឺបណ្ដាលមកពីបម្រាមហាមចូលមកកាន់ប្រទេសជប៉ុនកាលពីខែមុន ចំពោះប្រទេស និងតំបន់រហូតដល់ទៅ ៨៧ ប្រទេសរួមទាំង សហរដ្ឋអាមេរិក ចិន និងកូរ៉េខាងត្បូងទាំងមូលផងដែរ ដោយសារតែការរឹតត្បិតទប់ស្កាត់ការកើនឡើងនៃការឆ្លងវីរុស Covid-19។ យ៉ាងណាមិញចំនួនភ្ញៀវបានធ្លាក់ចុះ ៥៨% ក្នុងខែកុម្ភៈដល់ ៩៨៩,៧៤១ នាក់និង ៩៤% នៅខែមីនាក្នុងចំនួន ១៥២,១៦២ នាក់៕


ប្រភព៖kyodonews
អត្ថបទ៖ លីនី


