ការធ្វើដំណើរអន្តរជាតិ អាចនឹងមិនវិលត្រឡប់មករកភាពប្រក្រតីវិញទេ រហូតដល់ឆ្នាំ ២០២៣ ទោះបីប្រទេសខ្លះដកហូតការរឹតបន្តឹងការធ្វើដំណើរក៏ដោយ
សេដ្ឋកិច្ច May 15, 2020 Chan Sreyny

ការធ្វើដំណើរអន្តរជាតិបានរងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវីរុសកូរ៉ូណាឆ្លងរាតត្បាត និងមិនវិលត្រលប់មករកភាពប្រក្រតីវិញទេរហូតដល់ឆ្នាំ២០២៣ នេបើយោងតាមរបាយកាណ៍របស់សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA)។ សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ​ (IATA) ដែលមានមូលដ្ឋាននៅទីក្រុង ហ្សឺណែវ (Geneva) បានចេញផ្សាយទិន្នន័យថ្មីដែលបង្ហាញពីរបៀបដែលជំងឺរាតត្បាតបានជះឥទ្ធិពលដល់ការធ្វើដំណើរតាមផ្លូវអាកាស និងនៅពេលដែលគេរំពឹងថាវានឹងល្អប្រសើរឡើងវិញ។

យោងតាមទិន្នន័យថ្មីនេះបានបង្ហាញថា រយៈចម្ងាយឆ្ងាយ និងការធ្វើដំណើរអន្តរជាតិគឺ ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតក្នុងការធ្វើដំណើរតាមផ្លូវអាកាស ហើយនឹងត្រូវការពេលច្រើនឆ្នាំដើម្បីស្តារឡើងវិញ។ ជាមួយគ្នានេះដែរ (IATA) ក៏បានចេញផ្សាយនូវគំរូពីរនៃការវិលត្រឡប់ទៅកាន់ការធ្វើដំណើរអន្តរជាតិជៀសវាងពីការរាតត្បាតនៃវីរុសនេះ។

ជាក់ស្ដែងគំរូទី១ គឺថាការធ្វើដំណើរក្នុងស្រុកនឹងចាប់ផ្ដើមពេញនិយម ដោយនៅពេលដែលមនុស្សត្រលប់ទៅរកការធ្វើដំណើរវិញ ជម្រើសដំបូងពួកគេនឹង​ធ្វើដំណើរនៅក្នុងស្រុក។ គំរូទី២ គឺគ្មានការដាក់ឲ្យនៅដាច់ដោយឡែក ដោយ IATA និយាយថាប្រសិនបើវិធានការណ៍ទាំងនេះនៅតែមាន វាអាចពន្យារពេលការធ្វើដំណើរតាមអាកាសវិញដោយ ៦៩% នៃអ្នកធ្វើដំណើរថ្មីៗនេះ និយាយថាពួកគេនឹងមិនពិចារណាធ្វើដំណើរទេប្រសិនបើពួកគេត្រូវបានចំណាយពេល ២សប្ដាហ៍ដើម្បីធ្វើចត្តាឡីស័ក។

នៅក្នុង «សេណារីយ៉ូមូលដ្ឋានគ្រឹះដំបូង» កម្រិតនៃការធ្វើដំណើរឆ្នាំ២០១៩ មិនត្រូវបានគេរំពឹងថានឹងមានរហូតដល់ឆ្នាំ២០២៣ នោះទេ ប្រសិនបើទីផ្សារទេសចរណ៍ក្នុងស្រុកចាប់ផ្តើមបើកពីខែកក្កដា។ ប៉ុន្តែទោះបីទីផ្សារអន្តរជាតិបើកក៏ដោយក៏កម្រិតនៃតម្រូវការអ្នកដំណើរទូទាំងពិភពលោកនៅឆ្នាំក្រោយត្រូវបានគេរំពឹងថានឹងមានចំនួន ២៤% ទាបជាងកម្រិតក្នុងឆ្នាំ ២០១៩។ IATA បាននិយាយថា ទោះបីជាការធ្វើដំណើរជាសកលត្រូវបានគេព្យាករណ៍ថានឹងកើនឡើងនៅឆ្នាំក្រោយក៏ដោយ តែផលប៉ះពាល់នៃជំងឺរាតត្បាតលើការធ្វើដំណើរចម្ងាយឆ្ងាយនឹងត្រូវបានគេដឹងច្បាស់មុនរួចទៅហើយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត៕

ប្រភព៖ 7news
អត្ថបទ៖ លីនី