រាជរដ្ឋាភិបាលសម្រេចឲ្យចាប់ផ្ដើមនាំចេញអង្ករសឡើងវិញនៅសប្ដាហ៍ក្រោយ បន្ទាប់ពីបានហាមឃាត់អស់ជាង ១ខែ ដើម្បីធានាសន្តិសុខស្បៀង
សេដ្ឋកិច្ច May 15, 2020 Chan Sreyny

រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រុមហ៊ុនបន្តនាំចេញអង្ករស ចាប់ពីសប្ដាហ៍ក្រោយនេះឡើងវិញ បន្ទាប់រដ្ឋាភិបាលបានធ្វើការហាមឃាត់ការនាំចេញអស់រយៈពេលជាង ១ខែ ក្នុងគោលបំណ​ងធានាសន្តិសុខស្បៀងអាហារក្នុងប្រទេសក្នុងអំំឡុងពេលមានជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19។

ការសម្រេចនេះ ត្រូវបានប្រកាសឱ្យដឹងតាមរយៈលិខិតផ្លូវការរបស់ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនប្រធានសហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១៣ ខែឧសភានេះ។ បន្ទាប់ពីកម្ពុជាមិនបានរកឃើញករណីអ្នកឆ្លងវីរុសថ្មី និងបន្តព្យបាលបានជាសះស្បើយ ដោយគិតមកទល់ពេលនេះអ្នកជំងឺ Covid-19 នៅសល់តែម្នាក់ប៉ុណ្ណោះ។

ជាក់ស្ដែងតាមរយៈលិខិតផ្លូវការ​នោះបានបញ្ជាក់ផងដែរថា តបតាមសំណើររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចុះនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ រាជរដ្ឋាភិបាកម្ពុជាបានសម្រេចផ្ដល់ការអនុញ្ញា​តឲ្យនាំចេញអង្ករសជាបណ្ដើរៗឡើងវិញ តាមកិច្ចសន្យាទិញពីក្រៅប្រទេស ដោយគិតចាប់ពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ នេះតទៅ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានដាក់ចេញបទបញ្ជាឱ្យផ្អាកនូវការនាំចេញអង្ករស និងស្រូវ ដោយចាប់អនុវត្តន៍ពីម៉ោង ២៣:៥៩នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ដើម្បីធានានូវសន្តិសុខស្បៀងរបស់កម្ពុជា។ ហើយក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ ប្រទេសកម្ពុជាបាននាំចេញអង្ករជាង ៣០ ម៉ឺនតោន ដែលបរិមាណនេះស្មើនឹង ៤៨% នៃការនាំចេញសរុបេបស់ឆ្នាំ២០១៩៕

អត្ថបទ៖ លីនី