ចិនផ្អាកការនាំចូលសាច់គោពីប្រទេសអូស្រ្តាលី បន្ទាប់ពីប៉ះពាល់ពាក្យសម្ដីគ្នាជុំវិញពីប្រភពដើមនៃវីរុស Covid-19
សេដ្ឋកិច្ច May 13, 2020 Chan Sreyny

ប្រទេសចិន បានផ្អាកការនាំចូលសាច់គោពីអ្នកផ្គត់ផ្គង់ចំនួន ៤ របស់ប្រទេសអូស្រ្តាលីកាលពីថ្ងៃអង្គារ បន្ទាប់ពីឯកអគ្គរដ្ឋទូតទីក្រុងប៉េកាំងបានព្រមានកាលពីប៉ុន្មានសប្ដាហ៍មុន ពីការហាមឃាត់ដល់ប្រជាជនរបស់ខ្លួនឲ្យឈប់ទទួលទានសាច់គោពីប្រទេសអូស្រ្តាលី។ ការផ្អាកការនាំចូលនេះ គឺជាការសងសឹកផ្នែកសេដ្ឋកិច្ចទៅលើប្រទេសអូស្រ្តាលី បន្ទាប់ពីទីក្រុង Canberra របស់ប្រទេសមួយនេះជំរុញឲ្យមានស៊ើបអង្កេតប្រភពដើមនៃវីរុស Covid-19។

ជាមួយគ្នានេះក្រុមអ្នកវិភាគ បាននិយាយថាការផ្លាស់ប្តូរនេះបានលើកឡើងពីក្តីបារម្ភនៃការប្រឈមមុខគ្នារវាងអូស្រ្តាលី និងដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ខ្លួន ដែលអាចឈានដល់វិស័យសំខាន់ៗដទៃទៀត។ ខណៈដែលប្រទេសមួយនេះកំពុងវាស់ស្ទង់មើលវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីវីរុសនេះ។ គួរឲ្យដឹងផងដែរថា អ្នកផ្គត់ផ្គង់ចំនួន ៤ របស់ប្រទេសអូស្រ្តាលីដែលត្រូវបានផ្អាកនេះ មានប្រមាណ ៣៥% នៃការនាំចេញសាច់គោរបស់អូស្រ្តាលីទៅកាន់ប្រទេសចិនក្នុងពាណិជ្ជកម្មដែលមានតម្លៃប្រហែល ១.៧ ពាន់លានដុល្លារអូស្ត្រាលី (១.១ ពាន់លានដុល្លារអាមេរិក)។

បន្ថែមពីនេះទៅទៀត ប្រទេសចិនក៏បានដាក់ពន្ធគយលើស្រូវសាឡីអូស្ត្រាលីផងដែរ ជុំវិញការចោទប្រកាន់ថាខ្លួនកំពុងលក់គ្រាប់ធញ្ញជាតិនៅក្នុងប្រទេសចិនក្នុងតម្លៃទាប ជាងការផលិតរបស់ប្រទេសចិន។ ដោយទីក្រុងប៉េកាំងកំពុងពិចារណាលើការដាក់ពន្ធនេះក្នុងចំនួន ៧៣.៦% នេះបើយោងតាមការត្រួតពិនិត្យហិរញ្ញវត្ថុអូស្ត្រាលីបានដកស្រង់ចេញពីឯកសារសំងាត់។

គួរបញ្ជាក់ផងដែរថា ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនឡើងចាប់តាំងពីប្រទេសអូស្រ្តាលីបានចាប់ផ្តើមអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យមួយអំពីប្រភពនៃការផ្ទុះឡើងនៃវីរុស Covid-19 ដែលបានចាប់ផ្តើមនៅក្នុងប្រទេសចិន មុនពេលរីករាលដាលនៅទូទាំងពិភពលោក។ ខណៈនាពេលបច្ចុប្បន្ននេះមនុស្សជាង ២៨០,០០០ នាក់បានស្លាប់ និងមនុស្សរាប់លាននាក់ទៀតបានឆ្លងវីរុសនេះ និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកកំពុងដួលរលំ៕

ប្រភព៖ thejakartapost
អត្ថបទ៖ លីនី