ប្រទេសចិនប្រកាសពីការលើកលែងពន្ធថ្មីៗ សម្រាប់ការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក
សេដ្ឋកិច្ច May 12, 2020 Khmernote

ប្រទេសចិនបានប្រកាសនៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ នូវបញ្ជីថ្មីនៃផលិតផលចំនួន ៧៩មុខ របស់សហរដ្ឋអាមេរិក ដែលមានសិទ្ធិទទួលបានការលើកលែងពន្ធគយសងសឹក ចំពេលដែលអាមេរិកដាក់សម្ពាធឱ្យប្រទេសចិនបង្កើនការនាំចូលទំនិញរបស់ខ្លួន។ ក្រសួងហិរញ្ញវត្ថុចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកលែងថ្មីនឹងចូលជាធរមាននៅថ្ងៃទី១៩ ខែឧសភា និងផុតកំណត់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ បញ្ជីចុងក្រោយលើកលែងពន្ធលើផលិតផលរួមមាន៖ រ៉ែកម្រ រ៉ែមាស រ៉ែប្រាក់ និងការចម្រាញ់។ ប៉ុន្តែយ៉ាងណាក្រសួងមិនបានបញ្ជាក់ថា តម្លៃនៃទំនិញនាំចូលទាំនោះថ្លៃប៉ុន្មាននោះទេ។

រំលឹកដែរថាទីក្រុងប៉េកាំង កាលពីខែកុម្ភៈ បាននិយាយថា ខ្លួននឹងផ្តល់ការលើកលែងចំពោះទំនិញចំនួន ៦៩៦ របស់សហរដ្ឋអាមេរិក រួមទាំងផលិតផលសំខាន់ៗដូចជា៖ សណ្តែកសៀង និងសាច់ជ្រូក ដោយផ្អែកលើការស្នើសុំពីក្រុមហ៊ុនជាច្រើន។ អ្នកចរចាពាណិជ្ជកម្មកំពូលៗនៅទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន បានធ្វើសេចក្តីអំពាវនាវកាលពីសប្តាហ៍មុន និងពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងទី១ ដែលបានចុះហត្ថលេខាកាលពីខែមករា។ ក្រោមកិច្ចព្រមព្រៀងនេះប្រទេសចិនបានយល់ព្រមបង្កើនការទិញទំនិញរបស់សហរដ្ឋអាមេរិក ពីមូលដ្ឋានកាលពីឆ្នាំ២០១៧ ក្នុងតម្លៃ ២០០ ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំ ជាមួយនឹងការទិញក្នុងឆ្នាំដំបូងប្រហែល ៧៧ ពាន់លានដុល្លារ និង ១២៣ ពាន់លានដុល្លារក្នុងឆ្នាំទី២។

ភាពតានតឹងជាថ្មីរវាងប្រទេសទាំងពីរដែលបង្កឡើងដោយ COVID-19 ដែលបានចាប់ផ្តើមនៅក្នុងប្រទេសចិនក៏កំពុងតែចោទជាសំណួរអំពីបទឈប់បាញ់គ្នានេះដែរ។ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមបញ្ឈប់កិច្ចព្រមព្រៀងប្រសិនបើចិនខកខានមិនបានបំពេញតាមការសន្យាទិញរបស់ខ្លួន។ កាសែត Global Times របស់ចិនដែលក៏បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ទីប្រឹក្សារដ្ឋាភិបាលមួយចំនួនកំពុងជំរុញឱ្យទីក្រុងប៉េកាំង ធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មមានសុពលភាព និងចរចាកិច្ចព្រមព្រៀងមួយអ្នកដែលអំណោយផលដល់ប្រទេសចិនជាងគេ៕

អត្ថបទ៖ លីដា
ប្រភព៖ Fox Business