ថៃគ្រោងយកពន្ធប្រមាណ ៣០០បាត លើជនបរទេសដែលចូលមកក្នុងប្រទេសខ្លួន ដើម្បីទុកសម្រាប់ជាការ ធានារ៉ាប់រងជំងឺរាតត្បាត
សេដ្ឋកិច្ច May 12, 2020 Chan Sreyny

ថៃ៖ ក្រសួងទេសចរណ៍ និងកីឡាកំពុងពិចារណាលើការបង់ពន្ធចំនួន ៣០០បាត ឬ តិចជាងនេះសម្រាប់ជនបរទេសដែលអាចមានលទ្ធភាពលើការធានារ៉ាប់រងជំងឺរាតត្បាតដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅពេលដែលពួកគេហោះហើរចូលមកកាន់ប្រទេសថៃ ឬ តាមរយៈសកម្មភាពទេសចរណ៍ដែលទើបនឹងចាប់ផ្ដើមដំណើរការថ្មីៗនេះ។

លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍និងកីឡាបានមានប្រសាសន៍ថា ពន្ធនឹងត្រូវបានប្រមូលនៅពេលដែលជនបរទេសមកដល់តាមផ្លូវគោក តាមផ្លូវអាកាស ការដឹកជញ្ជូនតាមផ្លូវទឹក។ ខណៈគ្រោងការយកពន្ធនឹងត្រូវបន្ថែមទៅក្នុងមូលនិធិទេសចរណ៍គ្រប់គ្រងដោយក្រសួងក្នុងគោលបំណងកសាងនិងអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ទេសចរណ៍ ក៏ដូចជាផ្តល់ការការពារសុវត្ថិភាពនិងសន្តិសុខដល់ភ្ញៀវទេសចរ។

លោកបានបន្តថា គំនិតនេះត្រូវបានផ្តួចផ្តើមកាលពីឆ្នាំមុន ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19 តែពេលនេះ គឺជាពេលវេលាដ៏ត្រឹមត្រូវដើម្បីចាប់ផ្តើមប្រមូលពន្ធនេះ។ ទោះបីជាយ៉ាងនេះក្ដី រដ្ឋមន្រ្តីរូបនេះបានអះអាងថា ប្រទេសជប៉ុនបានអនុវត្តវិធានការណ៍ស្រដៀងគ្នានេះដោយចាប់ផ្តើមយកពន្ធលើការចាកចេញរបស់អ្នកដំណើរបរទេសចំនួន ១០០០ យ៉េន (ប្រហែល ៣០០ បាត) ក្នុងម្នាក់។ ហេតុដូចនេះឲ្យតែក្រសួងរៀបចំផែនការច្បាស់លាស់ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់ភ្ញៀវទេសចរបរទេស នោះការយកពន្ធលោកគិតថាមិនមានបញ្ហានោះទេ។

គួរបញ្ជាក់ផងដែរថា គ្រោងការណ៍យកពន្ធនេះ គឺជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រជាតិរយៈពេល ២០ឆ្នាំ ដែលតម្រូវឱ្យទីភ្នាក់ងាររដ្ឋាភិបាលត្រូវមានប្រាក់ចំណូលឡើងវិញដើម្បីទ្រទ្រង់ និងស្ថិរភាពសេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះ​បន្ទាប់ពីការសិក្សាលទ្ធភាពត្រូវបានបញ្ចប់ ក្រសួងនឹងបញ្ជូនទៅគណៈរដ្ឋមន្រ្តីដើម្បីសុំការឯកភាព។ លោកមានប្រសាសន៍ថា ក្រសួងមានបំណងប្រកាសពន្ធថ្មីមុនត្រីមាសទី៤ ដើម្បីឲ្យភ្ញៀវទេសចរបានត្រៀមខ្លួន៕

ប្រភព៖ bangkokpost
អត្ថបទ៖ លីនី