ប្រទេសរុស្ស៊ីបានលុបចោលបទបញ្ជាបិទអាជីវកម្មនៅទូទាំងប្រទេស បើទោះបីជាករណីឆ្លងវីរុស Covid-19 នៅក្នុងប្រទេសច្រើនជាងគលំជាប់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិកក៏ដោយ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឲ្យដឹងថា ក្រុមហ៊ុនមួយចំនួនបានបន្តប្រតិបត្តិការកាលពីថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពីប្រធានាធិបតី Vladimir Putin បានចាប់ផ្តើមដកការរឹតត្បិតអាជីវកម្មជាបណ្ដើរៗ។
ខណៈប្រធានាធិបតីរូបនេះ បានឈប់ធ្វើសន្និសីទវីដេអូ ជំនួសដោយការទៅជួបជាមួយលោក Igor Sechin ដែលជាប្រធានក្រុមហ៊ុនប្រេងរដ្ឋ Rosneft ដោយផ្ទាល់ ដើម្បីពិភាក្សាពីវិធីដើម្បីស្តារឧស្សាហកម្មប្រេងរបស់ប្រទេសនេះឡើងវិញ។ ទន្ទឹមនឹងនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍អំពីការកើនឡើងនៃចរាចរណ៍តាមដងផ្លូវនិងអ្នកដំណើរនៅតាមរថភ្លើងក្រោមដីកាន់តែច្រើនកាលពីថ្ងៃអង្គារ។

ការចាប់ផ្តើមអាជីវកម្មមួយផ្នែកឡើងវិញបានកើតឡើងនៅពេលដែលប្រទេសរុស្ស៊ីបន្តរកឃើញមានករណីថ្មីជាង ១០,០០០ ករណីជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យចំនួនសរុបបានកើនឡើងដល់ប្រហែល ២៣២,០០០ នាក់ ធ្វើឱ្យប្រទេសរុស្ស៊ីក្លាយជាប្រទេសដែលមានអ្នកឆ្លងខ្ពស់បំផុតទី២ នៅក្នុងពិភពលោក។ តោះបីជាយ៉ាងនេះក្ដីរដ្ឋាភិបាលត្រូវបានគេជឿជាក់ថា កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងរបស់ប្រជាពលរដ្ឋជាមួយនឹងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ដោយបន្តសកម្មភាពសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ៕

ប្រភព៖ nhk
អត្ថបទ៖ លីនី


