នៅថ្ងៃច័ន្ទនេះទិន្នន័យបានបង្ហាញថា ការនាំចេញរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះ ៤៦.៣% ក្នុងរយៈពេល ១០ ថ្ងៃដំបូងនៃខែឧសភា ចំពេលដែលមានការផ្ទុះឡើងនៃវីរុស Covid-19 ជាថ្មីម្ដងទៀត។ បើយោងតាមទិន្នន័យពីសេវាគយកូរ៉េបានឱ្យដឹងថាការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះមានចំនួន ៦.៩ ពាន់លានដុល្លារក្នុងរយៈពេលពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែឧសភាធៀបនឹង ១២.៥ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈចេញការនាំចេញជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល ១០ ថ្ងៃបានធ្លាក់ចុះ ៣០.២% ធៀបនឹងឆ្នាំមុន។
ទិន្នន័យនេះបានកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថាជំងឺរាតត្បាតឆ្លងរាលដាលកំពុងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទីបួននៅអាស៊ីមួយនេះ។ ដោយការរាតត្បាតពីវីរុសនេះ បានបង្អាក់ដល់ពាណិជ្ជកម្ម និងបញ្ឈប់ការផលិតនៅជុំវិញពិភពលោក ដោយចំនួនប្រទេសដែលបិទព្រំដែនរបស់ខ្លួនកាន់តែកើនឡើង។

ជាក់ស្ដែងការនាំចេញតាមផ្នែកនីមួយៗដូចជា បន្ទះឈីប ដែលជាធាតុសំខាន់បានធ្លាក់ចុះ ១៧.៨% ហើយផ្នែករថយន្តបានធ្លាក់ចុះ ៨០.៤% ក្នុងរយៈពេល ១០ ថ្ងៃបើធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះការដឹកជញ្ជូនទៅក្រៅប្រទេស ក៏ធ្លាក់ចុះដូចគ្នា ដូចជាការនាំចេញទៅប្រទេសប្រទេសចិនបានធ្លាក់ចុះ ២៩.៤% បើធៀបនឹងឆ្នាំមុន ខណៈការដឹកជញ្ជូនទៅសហរដ្ឋអាមេរិកបានធ្លាក់ចុះ ៥៤.៨% ហើយការនាំចេញទៅកាន់សហភាពអឺរ៉ុប និងវៀតណាមបានធ្លាក់ចុះ ៥០.៦% និង ៥២.២%។

ដោយឡែកសម្រាប់ការនាំចូលរបស់កូរ៉េខាងត្បូងក្នុងរយៈពេល ១០ ថ្ងៃក៏បានធ្លាក់ចុះផងដែរដោយធ្លាក់ចុះ ៣៧.២% ស្មើនឹងចំនួន ៩.៦ ពាន់លានដុល្លារ។ គួរឲ្យដឹងផងដែរថា នៅក្នុងខែមេសាការនាំចេញរបស់ប្រទេសនេះបានធ្លាក់ចុះ ២៤.៣% ស្មើនឹងទឹកប្រាក់ចំនួន ៣៦.៩ ពាន់លានដុល្លារ។ ជាមួយគ្នានេះមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងនឹងធ្លាក់ចុះ ១.២% នៅឆ្នាំនេះដោយសារសេដ្ឋកិច្ចពិភពលោកត្រូវបានគេរំពឹងនឹងអាក្រក់បំផុតចាប់តាំងពីការធ្លាក់ចុះសេដ្ឋកិច្ចដ៏ធំក្នុងទសវត្សឆ្នាំ១៩៣០ លើជំងឺរាតត្បាត ដោយ IMF បាននិយាយថាសេដ្ឋកិច្ចពិភពលោកត្រូវបានរំពឹងថានឹងធ្លាក់ចុះ ៣% នៅឆ្នាំនេះ៕
ប្រភព៖ yna
អត្ថបទ៖ លីនី


