ក្នុងនាមជាសម្ព័ន្ធមិត្ត កូរ៉េខាងត្បូងបញ្ចូនម៉ាស់ចំនួន ២ លានទៅសហរដ្ឋអាមេរិកជាបន្ទាន់ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19
សេដ្ឋកិច្ច May 11, 2020 Chan Sreyny

យោងតាមក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងដែលកំពុងតស៊ូនឹងវីរុស Covid-19 បានបញ្ជូនម៉ាស់ចំនួន ២ លាននៅថ្ងៃច័ន្ទនេះ ដល់សហរដ្ឋអាមេរិកដែលជាជំនួយបន្ទាន់ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ ការផ្ដល់ម៉ាស់នេះបានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី Moon Jae-in និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 កាលពីថ្ងៃទី ២៤ ខែមីនាកន្លងទៅនេះ។

ប្រភពដដែលបានឲ្យដឹងថា ជើងហោះហើរដឹកទំនិញរបស់សហរដ្ឋអាមេរិកដែលដឹកម៉ាសទាំងនោះ អាចនឹងទៅដល់សហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទនេះ ខណៈគ្រឿងផ្គត់ផ្គង់ទាំងនោះនឹងត្រូវចែកចាយដល់ស្ថាប័នវេជ្ជសាស្រ្តសម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។ យ៉ាងណាមិញនេះមិនមែនជា លើកទី១ ទេដែលប្រទេសកូរ៉េបានផ្តល់ជំនួយមនុស្សធម៌ដល់សហរដ្ឋអាមេរិក ដោយទីក្រុងសេអ៊ូលធ្លាប់បានផ្ដល់ទឹកប្រាក់ ៧ លានដុល្លារទៅឱ្យសហរដ្ឋអាមេរិកនៅពេលដែលប្រទេសនេះរងការវាយប្រហារដោយព្យុះកាលពីឆ្នាំ២០០៥ និង២០១៧៕

ប្រភព៖ yna
អត្ថបទ៖ លីនី