ប្រធានាធិបតីអាមេរិកបញ្ចេញលុយ ៣ ពាន់លានដុល្លារ ដើម្បីទិញកសិផលពីកសិករហើយចែកចាយដល់ប្រជាជនដែលខ្វះខាត
សេដ្ឋកិច្ច May 11, 2020 Chan Sreyny

ប្រធាធិបតីអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា រដ្ឋបាលរបស់លោកនឹងចាប់ផ្ដើមទិញផលិតផលកសិកម្មក្នុងតម្លៃ ៣ ពាន់លានដុល្លារនៅសប្ដាហ៍នេះ សម្រាប់ចែកចាយដល់ប្រជាជនដែលកំពុងត្រូវការស្បឿងអាហារ។ យោងតាមការបង្ហោះនៅលើបណ្ដាញ Twitter កាលពីថ្ងៃសៅរ៍របស់ប្រធានាធិបតីរូបនេះបានឲ្យដឹងថា រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងទិញទឹកដោះគោ សាច់ និងម្ហូបអាហារស្រស់ជាច្រើន។

គួរឲ្យដឹងផងដែរថាតម្រូវការទំនិញកសិកម្មបានធ្លាក់ចុះនៅសហរដ្ឋអាមេរិក បន្ទាប់ពីភោជនីយដ្ឋាន និងសាលារៀនត្រូវបានបិទដោយសារតែការផ្ទុះឡើងនៃវីរុស Covid-19។ ការផ្ទុះឡើងនេះ បានជះឥទ្ធិពលដល់វិស័យកសិកម្ម ដោយកសិករខ្លះត្រូវបំផ្លាញផលិតផលរបស់ពួកគេចោលដោយសារមិនអាចនាំចេញ និងប្រមូលផលបាន។ ទន្ទឹមនឹងនេះដែរប្រជាពលរដ្ឋជាច្រើនបាត់បង់ចំណូល បន្ទាប់ពីបាត់បង់ការងារដែលធ្វើឲ្យការរស៉នៅប្រចាំថ្ងៃរងផលប៉ះពាល់យ៉ាងខ្លាំង។

យ៉ាងណាមិញកន្លងមកលោក ដូណាល់ ត្រាំ បានប្រកាសពីកម្មវិធីជំនួយដែលមានទឹកប្រាក់ ១៩ ពាន់លានដុល្លារសម្រាប់កសិករដែលរួមមាន ការទិញកសិផលសម្រាប់ធនាគារស្បៀងអាហារ។ បន្ថែពីនេះក្រុមអ្នកសង្កេតការណ៍បាននិយាយថា ប្រធានាធិបតីកំពុងស្វែងរកការគាំទ្រជាបន្តពីកសិករដែលធ្លាប់រងគ្រោះដោយសារជម្លោះពាណិជ្ជកម្មជាមួយចិនមុនពេលផ្ទុះវីរុសនេះឡើងមក៕

ប្រភព៖ nhk
អត្ថបទ៖ លីនី