រថយន្តអគ្គិសនីអាចនឹងក្ដោបក្ដាប់នៅក្នុងទីផ្សាររថយន្តនាពេលអនាគត
សេដ្ឋកិច្ច May 9, 2020 Khmernote

សព្វថ្ងៃនេះរថយន្តអគ្គិសនីហាក់មានសន្ទុះចំណាប់អារម្មណ៍យ៉ាងខ្លាំង ហើយវាហាក់ដូចជាអ្នកផលិតរថយន្តទំនើបៗនាពេលបច្ចុប្បន្ននេះកំពុងសម្លឹងចាប់យកវា ដើម្បីជាជំហានបន្ទាប់នៃទីផ្សាររថយន្តរបស់ពួកគេ។ ម៉្យាងទៀតរថយន្តអគ្គិសនីត្រូវបានគេមើលឃើញថា អាចកាត់បន្ថយការបំភាយដែលធ្វើឱ្យប៉ះពាល់បរិស្ថាន ហើយសន្សំថវិកាចំណាយលើប្រេងជាដើម។ បើនិយាយពីមុនពេលដែលវីរុស COVID-19 បានបង្អាក់សេដ្ឋកិច្ចពិភពលោក យើងឃើញថាក្រុមហ៊ុនរថយន្តទំនើបនិងប្រណិតជាច្រើន បានបង្ហាញពីគម្រោងក្នុងការបង្កើតរថយន្តជំនាន់ថ្មីជាប្រភេទអគ្គិសនីជាហូរហែផងដែរ។

ក្រឡេកទៅមើល​ក្រុមហ៊ុនរថយន្ត Tesla វិញ ការបង្ហាញខ្លួនរបស់ Cybertruck បានធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះចំណេញមិនស្ទើរនោះទេ ដោយខ្លួនអាចទាក់ទាញអ្នកបានការកក់ទិញរហូតដល់ទៅកន្ទះលាននៅក្នុងបញ្ជីកក់របស់ខ្លួន ហើយកាលនោះ Tesla ក៏បានក្លាយជាក្រុមហ៊ុនរថយន្តមានតម្លៃជាងគេទី២ លើពិភពលោកនេះផងដែរ។ ដំបូងឡើយ Cybertruck គ្រាន់តែជា​ Prototype ប៉ុន្តែក្រោយមកវាក៏បានក្លាយជារូបរាងផ្លូវការ ដោយសារតែការចាប់អារម្មណ៍លើ Pickup អគ្គិសនីមានការកើនឡើងខ្ពស់ពីអ្នកកក់។

ក្រុមហ៊ុន Tesla ក៏សុខចិត្តបោះចោលការផលិត​ Roadster ដើម្បីពង្រឹងលើ Pickup វិញផងដែរ។ ចំណែក​ Volkswagen ក៏បានផលិតរថយន្តអគ្គិសនីដូចគ្នា ជាមួយនឹងតម្លៃសមរម្យ គឺប្រហែល ២២,០០០ ដុល្លារអាមេរិក សម្រាប់តម្រូវការក្នុងទីក្រុង ទោះបីវាមិនទាន់ចូលទៅទីផ្សារអាមេរិកភ្លាមៗក៏ដោយ។

សរុបមកវិញយានយន្តអគ្គិសនីក៏កំពុងធ្វើឱ្យអ្នករចនា កាន់តែមានសេរីភាពក្នុងការរចនាថ្មីៗ ដោយសារតែវាមានការផ្លាស់ប្ដូរតិចតួចពីរថយន្តដើម(រថយន្តស៉ីសាំង)។ វានឹងអាចនាំឱ្យមានបដិវត្តរថយន្ត ដែលខុសពីអ្វីដែលយើងបានឃើញកន្លងមក ព្រោះរថយន្តអគ្គិសនីនឹងក្លាយជាឱកាសថ្មីសម្រាប់ទីផ្សាររថយន្ត មិនថាជាអ្នកលក់​ឬអ្នកទិញនោះទេ។ ពិសេសវាជួយសម្រាលការបំពុលបរិស្ថាន ដែលការបំពុលបរិស្ថានធ្លាប់តែជាប្រធានបទក្ដៅកន្លងមកនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមានបញ្ហាមួយនៅត្រង់ថា ពិភពលោកមិនទាន់មានស្ថានីយដើម្បីសាកភ្លើងឱ្យរថយន្តបានគ្រប់គ្រាន់នៅឡើយទេ លើកលែងតែអ្នកទិញមានកន្លែងផ្ទាល់ខ្លួន៕

អត្ថបទ៖ លីដា
ប្រភព៖ Forbes