លោក ដូណាល់ ត្រាំ ធានាផ្ដល់ជំនួយដល់ក្រុមហ៊ុនផលិតម៉ាស៊ីនខ្យល់របស់វៀតណាម ជួយដល់ប្រទេសនេះបង្កើនសមត្ថភាពផ្នែកវេជ្ជសាស្រ្ដដើម្បីប្រយុទ្ធនឹងវីរុស Covid-19
សេដ្ឋកិច្ច May 8, 2020 Chan Sreyny

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកមានឆន្ទៈក្នុងការផ្ដល់ជំនួយដល់ក្រុមហ៊ុនផលិតម៉ាស៊ីនខ្យល់របស់វៀតណាម ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត Covid-19។ យោងតាមក្រសួងកាបរទេសវៀតណាមលោក Trump បានបន្តថ្លែងអំណរគុណចំពោះប្រទេសវៀតណាមដែលបានជួយសហរដ្ឋអាមេរិកក្នុងការផ្គត់ផ្គង់ និងដឹកជញ្ជូនឧបករណ៍វេជ្ជសាស្ត្រ ក៏ដូចជាម៉ាស់ដែលខ្លួនបានផ្ញើ នៅក្នុងសន្និសីទតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc។

នាឱកាសនោះផងដែរប្រធានាធិបតីសហរដ្ឋអាមេរិកបានស្នើឱ្យប្រទេសទាំងពីរបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ ដោយកាលពីខែមុនប្រទេសវៀតណាមបានបរិច្ចាគម៉ាស់ចំនួន ២៥០,០០០ ដល់សហរដ្ឋអាមេរិក។ ជាការតប​ស្នងវិញលោក Phuc បានកោតសរសើរចំពោះសុឆន្ទៈរបស់លោក Trump ក្នុងការផ្តល់ជំនួយដល់ក្រុមហ៊ុនផលិតម៉ាស៊ីនខ្យល់វៀតណាម និងគាំទ្រផ្នែកហិរញ្ញវត្ថុចំនួន ៩.៥ លានដុល្លារដើម្បីជួយដល់ប្រទេសនេះក្នុងការបង្កើនសមត្ថភាពផ្នែកវេជ្ជសាស្រ្ត និងការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិ Covid-19 ។

ជាមួយគ្នានេះដែរមេដឹកនាំទាំងពីរបានឯកភាពគ្នា ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ គួរបញ្ជាក់ឲ្យដឹងផងដែរថាសហរដ្ឋអាមេរិក គឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេដោយវីរុស Covid-19 ដែលមានអ្នកឆ្លងជាង ១.២ លាននាក់ និងមានអ្នកស្លាប់ចំនួន ៧៤,៧០០ នាក់រហូតមកដល់ពេលនេះ។ ខណៈប្រទេសវៀតណាម រហូតមកដល់ពេលនេះបានកត់ត្រាចំនួន ២៧១ ករណីក្នុងនោះមាន ៣៩ករណីដែលកំពុងព្យាបាល៕

ប្រភព៖ vnexpress
អត្ថបទ៖ លីនី