រយៈពេល​៧សប្ដាហ៍មកនេះ នៅអាមេរិកមានអ្នកស្នើសុំកម្រៃពេលគ្មានការងារធ្វើដល់ទៅ​ ៣៣លាននាក់​
សេដ្ឋកិច្ច May 8, 2020 Khmernote

ទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា មានមនុស្សជាង ៣៣ លាននាក់​​ បានដាក់ពាក្យសុំប្រាក់អត្ថប្រយោជន៍គ្មានការងារធ្វើក្នុងរយៈពេល ៧ សប្តាហ៍មកនេះ ចាប់តាំងពីប្រធានាធិបតីលោក ដូណាល់ ត្រាំ ប្រកាសអាសន្នថ្នាក់ជាតិលើវីរុស COVID-19 នៅពាក់កណ្តាលខែមីនា។ តួលេខនេះបង្ហាញថាមនុស្សម្នាក់ក្នុងចំណោមមនុស្ស​ ៥នាក់ នៃកម្លាំងពលកម្មបច្ចុប្បន្នគឺគ្មានការងារធ្វើ។ ចំនួនដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើង នៅពេលដែលក្រសួងការងារអាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា តួលេខសម្រាប់ការទាមទារសំណងដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍ គឺមានចំនួនជិត ៣.១៧ លាននាក់ បន្ថែមទៀត ប៉ុន្តែវាជាការថយចុះប្រមាណ ៦៨០,០០០ ពីពីសប្តាហ៍មុន។

និយោជិកនៅក្នុងឧស្សាហកម្មជាច្រើនត្រូវបញ្ឈប់កម្មកររបស់ពួកគេ ដោយសារតែជំងឺរាតត្បាត COVID-19 ។ ក្រុមអ្នកវិភាគបារម្ភថា ស្ថិតិការងារដែលត្រូវបញ្ចប់នៅថ្ងៃសុក្រអាចជាទិន្នន័យអាក្រក់បំផុតសម្រាប់ប្រទេសនេះ ថ្វីបើរដ្ឋជាច្រើនបានបើកដំណើរការផ្នែកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ប៉ុន្តែគេនៅចាំមើលថា តើមានមនុស្សប៉ុន្មាននាក់ដែលត្រូវបានបញ្ឈប់ពីការងារហើយនឹងត្រូវជួលមកធ្វើការវិញ? គួរឱ្យដឹងដែរថា អាមេរិកពេលនេះនៅតែបន្ដនាំមុខគេ ទាំងចំនួនឆ្លងនិងស្លាប់ដោយវីរុស COVID-19 ដោយមានការឆ្លងជិត ១.៣​ លា​ននាក់ និងអ្នកស្លាប់ ៧៦,០០០នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK