សង្គ្រាមពាណិជ្ជកម្មភាគថ្មី! លោក ដូណាល់ ត្រាំ កំពុងគិតគូរចង់ប្រកាសពីស្ថានភាព នៃកិច្ចព្រមព្រៀងរវាងប្រទេសទាំង២
សេដ្ឋកិច្ច May 7, 2020 Khmernote

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា នៅសប្ដាហ៍ក្រោយនេះលោកអាចនឹងប្រកាស ថាតើប្រទេសចិនកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម «ដំណាក់កាលទី១» ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីខែមករា ឬយ៉ាងណា។ កិច្ចព្រមព្រៀងតម្រូវឱ្យរដ្ឋបាលលោក ត្រាំ បន្ថយពន្ធបន្ថែមលើចិន ខណៈពេលដែលទីក្រុងប៉េកាំងត្រូវបង្កើនការនាំចូលផលិតផលកសិកម្ម និងទំនិញផ្សេងទៀតពីសហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្តចំពោះការនាំចេញដែលបានគ្រោងទុកត្រូវបានពន្យាពេល នៅពេលដែលប្រទេសចិនមានការថយចុះនៃតម្រូវការដោយសារតែជំងឺ COVID-19 ។ លោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា សេតវិមានកំពុងឃ្លាំមើលថា តើប្រទេសចិននឹងបំពេញតាមការសន្យារបស់ខ្លួនដែរឬទេ? លោកបានមានប្រសាសន៍ថា លោកនឹងអាចរាយការណ៍អំពីរឿងនេះនៅចុងសប្តាហ៍ក្រោយ។

រំលឹកដែរថាជុំវិញរឿងវីរុស COVID-19 អាមេរិកផ្ទាល់ក៏មិនសប្បាយចិត្តនឹងប្រទេសចិនដែរ ដោយលោក ដូណាល់ ត្រាំ និយាយថាវាគួរតែត្រូវបានគ្រប់គ្រង់លឿនជាងនេះមុនពេលចូលដល់ទឹកដីអាមេរិក។ រដ្ឋបាលលោក ត្រាំ ក៏បានចោទប្រទេសចិនជាច្រើនលើកច្រើនសារ ខណៈខាងប្រទេសចិនវិញនិយាយថា ការចោទប្រកាន់របស់អាមេរិកគឺគ្មានមូលដ្ឋាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK