យោងតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលលោកស្រី Rachada Thanadirek បានឲ្យដឹងថា អ្នកមានបំផុតទាំង ២០ រូបនៅក្នុងប្រទេសថៃបានឆ្លើយតបទៅនឹងលិខិតរបស់នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ដើម្បីស្វែងរកជំនួយ ដោយបានបង្ហាញព័ត៌មានលម្អិតអំពីគម្រោងដែលពួកគេបានអភិវឌ្ឍ ហើយនឹងកំពុងបន្តអភិវឌ្ឍដើម្បីដោះស្រាយផលប៉ះពាល់ដែលបង្កឡើងដោយវីរុស Covid-19។
ប្រភពដដែលបានបន្តថា គណៈរដ្ឋមន្រ្តីត្រូវបានគេជូនដំណឹងអំពីការឆ្លើយតប ហើយរដ្ឋាភិបាលនឹងមើលពីរបៀបនៃគម្រោងទាំងនោះ ថាតើអាចជួយគាំទ្របានក្នុងកម្រិតណា និងសហការជាមួយដោយរបៀបណា។ គួរម្លឹកផងដែរថា កាលពីពេលថ្មីៗនេះ លោក ប្រាយុទ្ធបានសរសេរលិខិតទៅកាន់អ្នកមានបំផុតទាំង ២០ នាក់ ដែលអំពាវនាវឱ្យពួកគេជួយគាត់ដោះស្រាយផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុសរាតត្បាតនេះដែលកើតមានលើសង្គម និងសេដ្ឋកិច្ច។

យ៉ាងណាមិញបន្ទាប់ពីជួបពិភាក្សាជាមួយខុទ្ទកាល័យកាលពីថ្ងៃអង្គារទី០៥ ខែឧសភា រួចមក លោក ប្រាយុទ្ធបាននិយាយថា ក្រៅពីស្វែងរកការសហការពីអ្នកមានៗ លោកក៏បានស្វែងរកការសហការពីអាជីវកម្មខ្នាតតូច និងមធ្យមដើម្បីចូលរួមក្នុងការដោះស្រាយវិបត្តិនេះផងដែរ។ ខណៈលោកបានបញ្ជាក់បន្ថែមថា វិបត្តិដែលបង្កឡើងដោយវីរុស Covid-19 នេះអាចមានរយៈពេលពី ៦ ទៅ ៩ ខែទៀត ដោយរដ្ឋាភិបាលនឹងចាត់វិធានការដោះស្រាយ៕

ប្រភព៖ nationthailand
អត្ថបទ៖ លីនី


