នៅលើគេហទំព័រផ្លូវការរបស់ Apple គេឃើញថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយនេះកំពុងប្រកាសស្វែងរកតួនាទីវិស្វករ និងអ្នកគ្រប់គ្រង ដើម្បីត្រួតពិនិត្យគុណភាពការលក់ ឬខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ទីក្រុងធំៗរបស់វៀតណាមចំនួន២ គឺហាណូយ និងហូជីមីញ។ សម្រាប់មុខតំណែងនីមួយៗ Apple តម្រូវឱ្យបេក្ខជនមានបទពិសោធន៍ការងារពី ៣ ទៅ ៥ឆ្នាំ ខណៈមានជំនាញភាសាដូចជា៖ អង់គ្លេស កូរ៉េ និងចិនទៀតផង។
មុខតំណែងភាគច្រើននឹងពាក់ព័ន្ធជាមួយនឹងដំណាក់កាលផ្សេងៗគ្នាក្នុងការអភិវឌ្ឍផលិតផល និងដំណើរការផលិតកម្មជាបន្តបន្ទាប់។ ចលនានេះអាចត្រូវបានគេមើលឃើញថា ជាសញ្ញាបង្ហាញថាក្រុមហ៊ុន Apple កំពុងពន្លឿនផែនការរបស់ខ្លួនក្នុងការផ្លាស់ប្តូរផលិតកម្មចេញពីប្រទេសចិន ជាពិសេសរោងចក្រ ខណៈខ្លួនកំពុងទទួលរងផលវិបាកដោយសារវីរុស COVID-19 នៅប្រទេសចិន។
កាលពីឆ្នាំមុនសារព័ត៌មាន Nikkei Asian Review ក៏បានរាយការណ៍ថា ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្តើមសាកល្បងផលិតកាសឥតខ្សែ AirPods ដ៏មានប្រជាប្រិយរបស់ខ្លួននៅក្នុងប្រទេសវៀតណាម ខណៈក្រុមហ៊ុននេះព្យាយាមចាកចេញពីប្រទេសចិន។
ហើយក្រុមហ៊ុន GoerTek របស់ប្រទេសចិន ដែលជាក្រុមហ៊ុនផលិតជាប់សន្យាដ៏សំខាន់មួយរបស់ក្រុមហ៊ុន Apple ក៏បានចាប់ផ្តើមសាកល្បងភាពធន់នៃដំណើរការផលិត AirPods ជំនាន់ថ្មីនៅរោងចក្រអូឌីយ៉ូរបស់ខ្លួននៅភាគខាងជើងប្រទេសវៀតណាម។
ជាមួយគ្នានេះដែរដៃគូដំឡើងធំរបស់ Apple សម្រាប់ AirPods គឺក្រុមហ៊ុន Inventec នៅថ្ងៃទី២៤ ខែមីនា កន្លងទៅក៏បានបង្ហាញថាខ្លួនកំពុងរៀបចំបង្កើតអង្គភាពមួយនៅក្នុងប្រទេសវៀតណាម។ ទាំងអស់នេះហើយដែលបង្កើតជាពាក្យចចាមអារាមថា Apple កំពុងដកខ្លួនពីប្រទេសចិន ហើយដាក់ផលិតកម្មរបស់ខ្លួននៅវៀតណាម៕



អត្ថបទ៖ លីដា
ប្រភព៖ Hanoi Times


