ជប៉ុននឹងជួយផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនពីប្រទេសចិនទៅអាស៊ានវិញ​ ហើយវាមិនមែនព្រោះតែវីរុសកូវីដ១៩ តែមួយមុខទេ
សេដ្ឋកិច្ច May 5, 2020 Khmernote

ប្រទេសជប៉ុននឹងចាប់ផ្តើមកម្មវិធីឧបត្ថម្ភធនមួយ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតក្នុងស្រុករបស់ខ្លួន ឱ្យផ្ទេរមូលដ្ឋានផលិតកម្មពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍ ដោយសារតែវីរុស COVID-19 បានបង្អាក់ដល់ចង្វាក់ផ្គត់ផ្គង់របស់ពួកគេ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រទេសចិន។ តែទោះបីជាវីរុស COVID-19 ជាបញ្ហាចម្បងនាពេលនេះ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនធ្លាប់បានមើលឃើញពីតម្រូវការ ដើម្បីបង្កើតមូលដ្ឋានផលិតកម្មនៅអាស៊ានរួចទៅហើយ។

កម្មវិធីទឹកប្រាក់ចំនួន ២៣.៥ ពាន់លានយេន (២២០ លានដុល្លារ) ដែលជាកញ្ចប់សម្រាប់សកម្មភាពគ្រាអាសន្ន ដើម្បីបន្ធូរបន្ថយការធ្លាក់ចុះនៃសេដ្ឋកិច្ចអំឡុងវិបត្តិជំងឺឆ្លងជាសកលនេះ នឹងជួយក្រុមហ៊ុននានារបស់ជប៉ុនធ្វើការផ្លាស់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ ដោយនឹងជួយផ្នែកហិរញ្ញវត្ថុដល់ការសាងសង់អគារផលិតកម្ម ក៏ដូចជាការសិក្សាពីលទ្ធភាពនៅក្នុងបណ្តាប្រទេសអាស៊ាន។

សមាជិកអាស៊ានរួមមាន៖ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សាំងហ្គាពួរ ថៃ និងវៀតណាម។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយផ្សេងទៀត ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ រដ្ឋាភិបាលជប៉ុននឹងចំណាយប្រាក់ចំនួន ២២០ ពាន់លានយេន ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ដែលបច្ចុប្បន្នត្រូវបាននាំចូលយ៉ាងច្រើនពីតំបន់មួយចំនួន។ កម្មវិធីឧបត្ថម្ភធនក៏ត្រូវបានរួមបញ្ចូលផងដែរនៅក្នុងសកម្មភាពជំរុញនេះ ដែលនឹងគាំទ្រផ្នែកហិរញ្ញវត្ថុដល់ការផ្លាស់ប្តូរទីតាំងផលិតកម្មនៅក្រៅប្រទេសចូលមកប្រទេសជប៉ុនវិញ។

កម្មវិធីនេះក៏នឹងផ្តោតសំខាន់ទៅលើក្រុមហ៊ុនផលិតរបស់របរដែលចាំបាច់ សម្រាប់ប្រជាជនជប៉ុនដើម្បី «នាំឱ្យមានសុខភាពល្អ» ចំពេលមានការផ្ទុះឡើងនៃវីរុស COVID-19 រួមទាំងម៉ាស់មុខ និងជែលលាងដៃជាដើម។ ពួកគេអាចទទួលបានប្រាក់ឧបត្ថម្ភនៅពេលពួកគេបើករោងចក្រថ្មី ឬបង្កើនសមត្ថភាពផលិតដែលមានស្រាប់នៅក្នុងប្រទេសជប៉ុន៕

អត្ថបទ៖ លីដា
ប្រភព៖ Japan Times