GMAC បានឲ្យដឹងថា រោងចក្រចំនួន ១៨០ បានព្យួរប្រតិបត្តិការ និងចំនួន ៦០ ទៀតគ្រោងនឹងព្យួរដូចគ្នា
សេដ្ឋកិច្ច May 5, 2020 Chan Sreyny

គិតមកទល់ពេលនេះរោងចក្រជាង ១៨០ បានផ្អាកដំណើរការរបសខ្លួន ហើយរោងចក្រចំនួន ៦០ បន្ថែមទៀតគ្រោងនឹងដាក់ពាក្យផ្អាកប្រតិបត្តិការផងដែរ នេះបើយោងតាមលិខិតអំពាវនាវរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលបានចេញកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។

ក្នុងលិខិតអំពាវនាវរបស់ (GMAC) ដល់អ្នកទិញទាំងអស់ដែលបានទិញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលពីប្រទេសកម្ពុជាបានឲ្យដឹងថា ការផ្អាកដំណើរការនៃរោងចក្រជាង ១៨០ និងការផ្អាកជាបន្តបន្ទាប់ទៀត កំពុងប៉ះពាល់ដល់កម្មករជាង ១៥០,០០០ នាក់ដែលត្រូវបានព្យួរការងារជាបណ្ដោះអាសន្នគិតមកទល់ពេលនេះ ដោយមិនដឹងថានឹងអាចបន្តការងារវិញនៅពេលណាឡើយ។

បន្ថែមពីនេះកម្មករជិត ២០០,០០០ ម៉ឺននាក់នឹងត្រូវព្យួរការងារនាពេលឆាប់ៗខាងមុខនេះ ដោយមិនត្រឹមតែប៉ះពាល់ដល់កម្មករប៉ុណ្ណោះទេ ប៉ុន្តែសមាជិកគ្រួសាររបស់ពួកគេប្រមាណ ២លាន​នាក់ក៏រងប៉ះពាល់ដែរ។ ទន្ទឹមនឹងនេះ (GMAC) បានចង្អុលបង្ហាញថា បច្ចុប្បន្ននេះរោងចក្រផលិតនៅកម្ពុជាកំពុងប្រឈមនឹងសម្ពាធទ្វេដង នៃការបញ្ជាទិញដែលត្រូវបានលុបចោល ហើយគ្មានការបញ្ជាទិញថ្មីឡើយ។ ហេតុដូច្នេះ (GMAC) បានអំពាវនាវដល់អ្នកទិញទាំងអស់ដែលទិញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរពីប្រទេសកម្ពុជាដើម្បីបំពេញកាតព្វកិច្ចរបស់ពួកគេដោយជ្រើសរើសទំនិញ និងបង់លុយឱ្យក្រុមហ៊ុនផលិតសម្រាប់ទំនិញដែលបានផលិតរួចហើយ និងអ្នកដែលកំពុងផលិត៕

អត្ថបទ៖ លីនី