សហគមន៍អ៉ឺរ៉ុបរៃអង្គាសប្រាក់បានចំនួន ៨ ពាន់លានដុល្លារសម្រាប់ការបង្កើតវ៉ាក់សាំងការពារវីរុស Covid-19
សេដ្ឋកិច្ច May 5, 2020 Chan Sreyny

សហគមន៍អ៉ឺរ៉ុបរៃអង្គារប្រាក់បានចំនួន ៨ ពាន់លានដុល្លារសម្រាប់បង្កើតវ៉ាក់សាំងការពារជំងឺឆ្លងវីរុស Covid-19 ក្នុងនោះប្រទេសជប៉ុនបានសន្យាផ្ដល់ប្រាក់ប្រមាណ ២៤៣ លានដុល្លារដើម្បីអភិវឌ្ឍន៍វ៉ាក់សាំងការពារមេរោគឆ្លង នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន NHK។ ប្រភពដដែលបានឲ្យដឹងថាថវិកាទាំងនេះត្រូវរៀបចំ តាមរយៈសម្ព័ន្ធភាពដើម្បីត្រៀមបង្ការការរីករាលដាលនៃជំងឺរាតត្បាត ឬ CEPI និងក្រុមដទៃទៀត។

ជាមួយគ្នានេះនាយករដ្ឋមន្រ្តីជប៉ុន Abe Shinzo បានធ្វើការ សន្យាក្នុងសារវីដេអូកាលពីថ្ងៃចន្ទចំពោះព្រឹត្តិការណ៍រៃអង្គាសប្រាក់ដែលដឹកនាំដោយសហភាពអឺរ៉ុបនេះ ខណៈមេដឹកនាំពិភពលោកផ្សេងទៀតក៏បានសន្យាផ្ដល់ទឹកប្រាក់រាប់ពាន់លានដុល្លារផងដែរ។ បើយោងតាមរបាយការណ៍របស់សហភាពអឺរ៉ុបមានវ៉ាក់សាំងជាង ៧០ប្រភេទ នៅក្នុងការអភិវឌ្ឍន៍នៅជុំវិញពិភពលោក ប៉ុន្តែមានតែមួយចំនួនប៉ុណ្ណោះដែលបានឈានទៅរកការសាកល្បងព្យាបាល។

យ៉ាងណាមិញទឹកប្រាក់សរុបប្រមាណ ៨ ពាន់លានដុល្លារត្រូវបានសន្យាដោយប្រទេស និងដែនដីជាង ៣០ រួមមានប្រទេសជប៉ុន កាណាដា និងអារ៉ាប់ប៊ីសាអូឌីត នៅថ្ងៃដំបូងនៃព្រឹត្តិការណ៍រៃអង្គាសនេះ។ ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយដែលបានគាំទ្រ។ លោកស្រីបានព្រមានថា នេះគ្រាន់តែជាការចាប់ផ្តើមនៃការប្រយុទ្ធជាសកលប្រឆាំងនឹងមេរោគឆ្លងដែលទាមទារការខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពតែប៉ុណ្ណោះ៕

ប្រភព៖ nhk
អត្ថបទ៖ លីនី