កសិករនៅពាសពេញពិភពលោកកំពុងទុកឲ្យដំណាំរបស់ពួកគេរលួយនៅតាមទីវាល និងចំការ ខណៈដែលជំងឺរាតត្បាតរំខានដល់ការផ្គត់ផ្គង់ និងតំរូវការ ដែលធ្វើឲ្យទំនិញជាច្រើនប្រភេទខូចគុណភាពរួមមាន ផ្កា ផ្លែឈើ និងទឹកដោះគោជាដើម។ ជាមួយគ្នានេះអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ បានលើកឡើងពីហានិភ័យនៃវិបត្តិស្បៀងអាហារដោយសារតែការរាតត្បាតកាលពីដើមឆ្នាំនេះ ហើយបច្ចុប្បន្នវិបត្តិនេះបានកើតឡើងនៅទូទាំងពិភពលោក ដោយសារតែការបិទទ្វារប្រទេស និងការរឹតត្បិតដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។
ជាក់ស្ដែងការចាក់សោរដែលប្រទេសនានាកំពុងជួបប្រទះកំពុងបង្កការរំខានដល់កម្លាំងពលកម្ម ដោយកសិករមិនអាចចូលទៅក្នុងចំការ ឬ កសិដ្ឋានដើម្បីថែទាំ និងប្រមូលផលដំណាំបានឡើយ។ លើសពីនេះវាក៏រំខានដល់បណ្តាញដឹកជញ្ជូន និងការផ្គត់ផ្គង់ទូទាំងពិភពលោកដែលបណ្តាលឱ្យមានការខ្វះខាតស្បៀងទ្រង់ទ្រាយធំនៅក្នុងតំបន់ខ្លះ និងតំបន់ផ្សេងៗទៀត នេះបើយោងតាមអ្នកស៊ើបអង្កេតនាំមុខក្នុងកសិកម្មនៅសម្ព័ន្ធភាពសិង្ហបុរី – MIT សម្រាប់ការស្រាវជ្រាវ និងបច្ចេកវិទ្យា។

ដោយឡែកការបិទសាលា ហាងកាហ្វេ និងភោជនីយដ្ឋាននៅតាមបណ្ដាប្រទេសជាច្រើនក៏ធ្វើឲ្យផលិតផលកសិកម្មរងផលប៉ះពាល់ផងដែរ។ យ៉ាងណាមិញការជាប់គាំងផលិតផលកសិកម្មទាំងអស់នោះ បានធ្វើឲ្យអ្នកដាំផ្លែឈើនៅតាមប្រទេសផ្សេងៗនៃពិភពលោក រាប់ចាប់ពីសហរដ្ឋអាមេរិករហូតដល់អាស៊ីអាគ្នេយ៍ បង្កើតវិធីច្នៃប្រឌិតដើម្បីជៀសវាងការទុកដំណាំ និងផលិតផលកសិកម្មចោលឥតប្រយោជន៍ ដោយសារគ្មានតម្រូវការ។

ជាក់ស្ដែងប្រទេសខ្លះកំពុងព្យាយាមបង្កើនតម្រូវការក្នុងស្រុកដើម្បីប្រើប្រាស់ផលិតផលដែលនឹងត្រូវទុកចោល ដោយប្រជាជនបែលហ្ស៊ិកកំពុងត្រូវបានអំពាវនាវឱ្យញ៉ាំដំឡូងបំពងយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍ ដោយសារតែដំឡូងជាង ៧៥០,០០០ តោនកំពុងប្រឈមនឹងហានិភ័យនៃការបោះចោល។ ខណៈនៅប្រទេសឥណ្ឌាកសិករខ្លះយកផ្លែស្ត្រប៊ឺរីធ្វើជាចំណីដល់សត្វគោ ដែលជាធម្មតាផ្លែនេះពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ ហើយនៅប្រទេសហូឡង់ក្រុមហ៊ុននានាបានប្រមូលទិញផ្កាដើម្បីចែកជូនដល់និយោជិក ឬអ្នកដទៃដើម្បីកាត់បន្ថយការទុកចោល។ យ៉ាងណាមិញទោះបីជាអ្នកផ្គត់ផ្គង់ដឹងថាពួកគេត្រូវការកែតម្រូវអាជីវកម្ម និងបណ្តាញផ្គត់ផ្គង់របស់ពួកគេក៏ដោយ ក៏ភាពមិនប្រាកដប្រជាបានធ្វើឱ្យពួកគេពិបាកក្នុងការធ្វើផែនការអាជីវកម្មផងដែរ៕

ប្រភព៖ cnbc
អត្ថបទ៖ លីនី


