យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរដែលចេញផ្សាយកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ បានបង្ហាញថា ប្រាក់ចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមេសា ពោលគឺធ្លាក់ចុះ ៩៩.៦៤% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយទទួលបានចំណូលត្រឹមតែ ២៩,៣៦៨ ដុល្លារ ខណៈចំនួនភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាមានត្រឹមតែ ៦៥៤ នាក់ ធ្លាក់ចុះ ៩៩.៦៤% បើធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាមរបាយការណ៍ដដែលបានបង្ហាញទៀតថា ក្នុងរយៈពេល ០៤ខែ ដំបូងនៃឆ្នាំនេះ ចំនួនភ្ញៀវទេសចរដែលបានទិញសំបុត្រ ៣៨៤,៣១៧ នាក់ ធ្លាក់ចុះ ៦០.៥១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ទន្ទឹមនឹងនេះប្រាក់ចំណូលពីការលក់សំបុត្រទទួលបាន ១៧,៩៤៩,២៩៩ ដុល្លារ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ធ្លាក់ចុះ ៥៩.៣៣%៕

សូមជម្រាបផងដែរថា ដោយសារវីរុស COVID-19 បានធ្វើឲ្យវិស័យទេសចរណ៍ទូទាំងពិភពលោកជួបនូវវិបត្តិ ដោយសារការរឹតបន្តឹង និងការហាមឃាត់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ជាពិសេសបង្ខំឲ្យតាមបណ្ដាប្រទេសជាច្រើនត្រូវលុបចោលព្រឹត្តិការណ៍ទេសចរណ៍ធំៗ ដើម្បីបញ្ជៀសការរីករាលដាល ខណៈដែលកន្លងមកគ្រឹះស្ថានអង្គរបានខិតខំដាក់ចេញនូវវិធានការដើម្បីរក្សាចំនួនភ្ញៀវ តាមរយៈការបន្ថែមសុពលភាពថ្ងៃចូលទស្សនាតំបន់អង្គររបស់ភ្ញៀវទេសចរបរទេសផងដែរ៕

អត្ថបទ៖ លីនី


