ជប៉ុនឆ្លៀតពីការលំបាកផ្ទាល់ខ្លួន ផ្តល់ជំនួយបន្ទាន់ចំនួន ១៥០ លានដុល្លារដល់ធនាគារអភិវឌ្ឍន៍អាស៊ី ជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ប្រឆាំងនឹងវីរុសកូរ៉ូណា​
សេដ្ឋកិច្ច May 2, 2020 Chan Sreyny

ធនគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ការអន្តរាគមន៍ជាច្រើនគាំទ្រដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ (DMCs) របស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងផលប៉ះពាល់នៃវីរុ Covid-19 តាំងពីដំណាក់ដំបូងមកម្ល៉េះ។ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីរដ្ឋាភិបាលជប៉ុនប្តេជ្ញាផ្តល់ជំនួយបន្ទាន់ចំនួន ១៥០ លានដុល្លារតាមរយៈមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (JFPR) និងមូលនិធិឆ្លើយតបគ្រោះមហន្តរាយអាស៊ីប៉ាស៊ីហ្វិកដើម្បីជួយ DMCs ពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីទប់ទល់នឹងការរីករាលដាលនៃវីរុសនេះ។

យោងតាមប្រសាសន៍របស់អគ្គនាយក ADB លោក Woochong Um បានឲ្យដឹងថា ខណៈពេលដែលធនាគារអភិវឌ្ឍន៍អាស៊ីកំពុងសហការជាមួយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ដទៃទៀតដើម្បីផ្តល់ការគាំទ្រយ៉ាងឆាប់រហ័សដល់ DMCs ដើម្បីត្រៀមរៀបចំសម្រាប់កម្មវិធី Covid-19 មូលនិធិនេះនឹងជួយពង្រឹងប្រព័ន្ធប្រទេស និងធានានូវនិរន្តរភាពក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត។

លោកបានបន្តថា ប្រព័ន្ធសុខភាពរឹងមាំ គឺត្រូវការជាចាំបាច់ដើម្បីធានាបាននូវការឃ្លាំមើលជំងឺដ៏សាហាវមួយ ដូច្នេះមូលនិធិនេះនឹងជួយឲ្យប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់អាចបណ្តុះបណ្តាលក្រុមគ្រូពេទ្យ និងបំពាក់ឧបករណ៍សុខភាពបានល្អប្រសើរ ការធ្វើអន្តរាគមន៍ផ្អែកលើភ័ស្តុតាង និងការព្យាបាលប្រកបដោយប្រសិទ្ធភាព។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកញ្ចប់ថវិកាដំបូង ៦.៥ ពាន់លានដុល្លារ ធនាគារអភិវឌ្ឍន៍អាស៊ីបានប្រកាសនៅថ្ងៃទី១៣ ខែមេសា ដើម្បីបង្កើនទំហំនៃការឆ្លើយតបរបស់ខ្លួនទ្វេដងដោយបន្ថែមធនធានចំនួន ១៣.៥ ពាន់លានដុល្លារថែមទៀត ជួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍របស់ខ្លួន ដើម្បីទប់ទល់នឹងផលប៉ះពាល់ម៉ាក្រូសេដ្ឋកិច្ច និងសុខភាពដែលបណ្តាលមកពីវីរុស Covid-19៕

ប្រភព៖ adb
អត្ថបទ៖ លីនី