កសិករប្រមាណ ១០លាននាក់នៅប្រទេសថៃ នឹងទទួលបានប្រាក់សង្រ្គោះខ្ទង់ ១៥៣ ដុល្លារ ក្នុងមួយខែ រយៈពេល ៣ខែពេញក្នុងពេលជួបវិបត្តិ Covid-19
សេដ្ឋកិច្ច April 30, 2020 Chan Sreyny

ថៃ៖ អ្នកនាំពាក្យរដ្ឋាភិបាលលោក Narumon Pinyosinwat បានបញ្ជាក់កាលពីដើមសប្ដាហ៍នេះថា ប្រទេសថៃនឹងផ្តល់ថវិកាចំនួន ៥,០០០បាត (ប្រហែល ១៥៣ ដុល្លារសហរដ្ឋអាមេរិក) ក្នុងការផ្តល់ជំនួយសង្គ្រោះជារៀងរាល់ខែដល់កសិករប្រមាណចំនួន ១០លាននាក់ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស Covid-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសថៃ។

ប្រភពដដែលបានឲ្យដឹងបន្ថែមថា គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារបានយល់ព្រមផ្តល់ជំនួយចំនួន ៥,០០០ បាតសម្រាប់ផ្តល់ដល់កសិករចំនួន ១០ លាននាក់ក្នុងរយៈពេល ៣ខែជាប់ៗគ្នា ក្រោមថវិការបស់រដ្ឋាភិបាលចំនួន ១៥០ ពាន់លានបាត (ប្រហែល ៤.៦១ ពាន់លានដុល្លារអាមេរិក) ដែលបានបម្រុងទុកសម្រាប់កសិករដែលរងផលប៉ះពាល់នៅទូទាំងប្រទេស។

ដើម្បីទទួលបានប្រាក់ឧបត្ថម្ភកសិករដែលមានសិទ្ធិទទួលបានជំនួយសង្គ្រោះពីខែឧសភា ដល់ខែកក្កដា ត្រូវការចុះបញ្ជីជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម ឬ នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ ឬនាយកដ្ឋានជលផល នេះដោយយោងតាមការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យ។ ទន្ទឹមនឹងនេះដែរប្រជាជនថៃចំនួន ១៦ លាននាក់ផ្សេងទៀតដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតកំពុងត្រូវបានផ្តល់ចំនួនទឹកប្រាក់ដូចគ្នានឹងជំនួយសង្គ្រោះពីខែមេសាដល់ខែមិថុនា៕

ប្រភព៖ khaosodenglish
អត្ថបទ៖ លីនី