រដ្ឋាភិបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានថយចុះក្នុងអត្រាប្រចាំឆ្នាំ ៤.៨% ចន្លោះពីខែមករា ដល់ខែមីនាឆ្នាំនេះ ដោយយោងតាមតួលេខផលិតផលក្នុងស្រុកសរុបសម្រាប់ត្រីមាសទី១ ឆ្នាំ ២០២០ ដែលនាយកដ្ឋានពាណិជ្ជកម្មបានចេញផ្សាយកាលពីថ្ងៃពុធកន្លងទៅនេះ។ ការធ្លាក់ចុះនេះបានកត់សម្គាល់នូវការធ្លាក់ចុះដ៏ធំបំផុតក្នុងរយៈពេលប្រហែល ១១ ឆ្នាំកន្លងមក ហើយភាគច្រើនបណ្ដាលមកពីការរឹតត្បិតលើសកម្មភាពសេដ្ឋកិច្ចចំពេលដែលមានជំងឺរាតត្បាត Covid-19។
ប្រភពដដែលបានឲ្យដឹងបន្ថែមថា ការធ្លាក់ចុះ គឺជាអត្រាកំណើនផលិតផលក្នុងស្រុកសរុបទាបបំផុតចាប់តាំងពីការធ្លាក់ចុះ ៨,៤ ភាគរយសម្រាប់រយៈពេលចន្លោះពីខែតុលាដល់ខែធ្នូ ឆ្នាំ២០០៨ ចំពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោក។ ខណៈបច្ចុប្បន្ននេះ ការប្រើប្រាស់របសប្រជាជនអាមេរិកដែលមានប្រហែល ៧០% នៃផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ ៧.៦% ចំនែកឯការវិនិយោគអាជីវកម្មបានធ្លាក់ចុះ ៨.៦% និងការនាំចេញធ្លាក់ចុះ ៨.៧%។

ដោយឡែកចាប់តាំងពីការផ្ទុះឡើងនៃវីរុសក្នុងប្រទេសដំបូងរហូតមកដល់ខែកុម្ភៈ តម្លៃភាគហ៊ុន ការប្រើប្រាស់ និងវិស័យការងារនៅតែមានស្ថេរភាព។ ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចបានចាប់ផ្តើមផ្លាស់ប្តូរនៅពាក់កណ្តាលខែមីនា ដោយសារការកើនឡើងនៃករណីជំងឺ Covid-19 ដែលបណ្តាលឱ្យមានការបិទអាជីវកម្មនៅទូទាំងប្រទេស និងភាពអត់ការងារធ្វើក៏ចេះតែកើនច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ៕


ប្រភព៖ nhk
អត្ថបទ៖ លីនី


