គិតត្រឹមថ្ងៃទី២៤ ខែមេសានេះ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៥ ភាគខាងជើងសម្រេចបាន ៨០.០២% ភាគកណ្ដាល ១៤.៩០% និងភាគខាងត្បូង ២៣.៩០%
សេដ្ឋកិច្ច April 29, 2020 Chan Sreyny

យោងតាមហ្វេសប៊ុកផេករបស់ក្រសួងសាធារណការ និងដឹកជញ្ចូនបានបង្ហាញថា វឌ្ឍនភាពនៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤.៧៤ គីឡូម៉ែត្រ ដែលត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ និងមានរយៈពេល ៣៦ខែ ក្នុងការស្ថាបនា គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ សម្រេចបាន ៨០.០២%ហើយ។

គួរឲ្យដឹងផងដែរថាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ហើយការងារស្ថាបនាត្រូវបានបែងចែក ជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកកណ្តាល និងផ្នែក ខាងត្បូង ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួរ ច្បារចំកណ្តាល។

បច្ចុប្បន្នការអនុវត្តការងារស្ថាបនាបាននឹងកំពុងធ្វើការក្រាលកៅស៊ូជាន់ទី២ នៅលើទីតាំងមួយចំនួន និងទីតាំងមួយចំនួនទៀតបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នដើម្បីសម្រួលដល់ចរាចរណ៍ឆ្លងកាត់។ ថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក និងបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់យល់ឃើញថា៖ ផ្លូវដែលទើបសាងសង់រួចនេះមានសភាពល្អ ងាយស្រួលបើកបរ ចំណេញពេលវេលា និងពិសេស ផ្តល់ភាពងាយស្រួលក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃ និងការដឹកជញ្ជូនទំនិញ និងផលិតផលកសិកម្ម ដូចជា ស្រូវ អង្ករ បន្លែ និងផ្លែឈើ។

ចំណែកគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលចាប់ពីធ្លាម្អម ដល់ បាត់ដំបង មានប្រវែងសរុប ១៤៦.០៤ គីឡូម៉ែត្រ ទទឹងប្រវែង ២៣ម៉ែត្រ ពី ២គន្លង ទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស់ ១៥សង់ទីម៉ែត្រ គ្រោងរយៈពេលស្ថាបនា​ ប្រមាណ ៤២ខែ គិតត្រឹមថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២០នេះសម្រេចបាន ១៤.៥០% ហើយ។ គ្រប់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ទាំងអស់បានគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍បច្ចេកទេស និងសុវត្ថិភាពការងារទាំងក្នុងនិងក្រៅការដ្ឋាន។

ចំពោះគម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥.២៤គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន ០៣រួមមាន៖ ខេត្តកណ្តាល ប្រវែង ៤.២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំងប្រវែង ៩៣.៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ប្រវែង ៣៧.៤៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូAC ចែកជា២គន្លងទៅ២គន្លងមក ដែលគ្រោងរយៈពេលសាងសង់ចំនួន ៤៨ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សម្រេចបាន ២៣.៩០%ហើយ។

ស្របពេលដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងជួបប្រទះនូវការឆ្លងរីករាលដាលមេរោគប្រភេទថ្មី COVID-១៩ អង្គភាពគ្រប់គ្រង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវក្បួនអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួង សាធារណការ និងដឹកជញ្ជូនដើម្បីការពារ ទប់ស្កាត់ និងការបង្ការការឆ្លងរីករាលដាលមេរោគCOVID-១៩ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន