សហភាពអ៉ឺរ៉ុបរៃអង្គាសថវិកាចំនួន ៣៧៨ លានដុល្លារដើម្បីជួយអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19
សេដ្ឋកិច្ច April 29, 2020 Chan Sreyny

សហភាពអ៉ឺរ៉ុបបានប្រកាសនៅថ្ងៃទី២៧ ខែមេសាថា ខ្លួនកំពុងរៃអង្គាសប្រាក់ចំនួន ៣៥០ លានអឺរ៉ូ (៣៧៨ លានដុល្លារ) ក្នុងកិច្ចខិតខំប្រេងប្រែងដើម្បីជួយសមាជិកអាស៊ានប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ នៅក្នុងសេចក្តីថ្លែងការណ៍ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអាស៊ានលោក Igor Driesmans បាននិយាយថា អាស៊ានអាចពឹងផ្អែកលើសហភាពអឺរ៉ុបនៅក្នុងគ្រាដ៏លំបាកដោយបន្ថែមថាភាគីទាំងពីរ គឺជាអង្គការក្នុងតំបន់ដែលមានរយៈពេល ៤២ ឆ្នាំនៃសាមគ្គីភាពនិងភាពជាដៃគូ។

ជាមួយគ្នានេះលោកបានបន្តថា តាមរយៈការរៃអង្គាសប្រាក់ចំនួន ៣៥០ លានអឺរ៉ូក្នុងការគាំទ្រដល់បណ្តាប្រទេសអាស៊ានសហភាពអឺរ៉ុបកំពុងបង្ហាញនូវមិត្តភាពរបស់ខ្លួនជាមួយប្រជាជនក្នុងតំបន់។ ខណៈថវិកាទាំងនេះនឹងត្រូវផ្តល់ជូនសម្រាប់ដោះស្រាយវិបត្តិសុខភាព ដោយពង្រឹងប្រព័ន្ធថែទាំសុខភាព និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមនៃជំងឺរាតត្បាតនេះ។ បន្ថែមពីនេះសហគមន៍អ៊ឺរ៉ុបក៏នឹងជួយវៀតណាមណែនាំវិធានការប្រឆាំងនឹងការរីករាលដាលនេះ និងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាមឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែមេសា កន្លងទៅនេះសហគមន៍អ៊ឺរ៉ុបបានប្រកាសថាខ្លួននឹងប្តេជ្ញាចិត្តផ្ដល់ថវិកាជាង ២០ ពាន់លានអឺរ៉ូ (២១.៧ ពាន់លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់បណ្តាប្រទេសជាដៃគូក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-១៩ ក្រោមកម្មវិធីមួយមានឈ្មោះថា «Team Europe» ។ សហគមន៍អ៊ឺរ៉ុបនឹងចែកចាយថវិកាដល់បណ្តាប្រទេសងាយរងគ្រោះនៅទ្វីបអាហ្រ្វិក តំបន់ Balkans ខាងលិច បណ្តាប្រទេសដៃគូភាគខាងកើត មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ហើយផ្នែកខ្លះនៃអាស៊ីនិងប៉ាស៊ីហ្វិក អាមេរិកឡាទីន និងការ៉ាបៀន៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី