ឧស្សាហកម្មគ្រឿងស្រវឹងនៅប្រទេសថៃ ជួបវិបត្តិធ្ងន់ កំពុងស្នើសុំនាយករដ្ឋមន្ត្រី លុបចោលការហាមឃាត់លក់គ្រឿងស្រវឹង
សេដ្ឋកិច្ច April 28, 2020 Khmernote

សមាគមឧស្សាហកម្មគ្រឿងស្រវឹងនៅក្នុងប្រទេសថៃបានស្នើសុំ ឱ្យនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា លុបចោលការហាមឃាត់ការលក់គ្រឿងស្រវឹងដែលត្រូវបានដាក់ជាផ្នែកមួយនៃវិធានការណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃ Covid-19 ។ ការស្នើសុំនេះបានធ្វើឡើងនៅក្នុងសំណើពីអង្គការចំនួន ៧ ដែលដឹកនាំដោយសមាគមផលិតស្រាពីផ្លែឈើ សមាគមនលើកទឹកចិត្តអ្នកផលិតក្នុងស្រុក សមាគម Bartender ថៃ និងសមាគមន៍ផលិតស្រារបស់្រទេសថៃ ដើម្បីបន្ធូរបន្ថយការរឹតត្បិតទាក់ទងនឹងគ្រឿងស្រវឹង។

ក្នុងនោះផងដែរថា សមាគមគ្រឿងស្រវឹងបានស្នើសុំរដ្ឋាភិបាលកុំពន្យារការហាមឃាត់ការលក់លើសពីថ្ងៃទី៣០ ខែមេសា និងអនុញ្ញាតឱ្យលក់ស្រាបៀរនិងស្រាតាមរយៈការវេចខ្ចប់ និងសេវាកម្មដឺកជញ្ជូន។ ពួកគេក៏បានស្នើសុំឱ្យរដ្ឋាភិបាលបន្ធូរបន្ថយបន្ទុកពន្ធនិងជួយគ្រប់គ្រងការបំផ្លាញចោលនូវទំនិញខូចគុណភាពផងដែរ។ បន្ថែមពីនេះសមាគមចង់ឲ្យរដ្ឋាភិបាលដកបម្រាមហាមឃាត់ការលក់ដុំគ្រឿងស្រវឹង ដោយពួកគេបាននិយាយថាបម្រាមរបស់រដ្ឋាភិបាលកំពុងរារាំងអ្នកផលិតពីការដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់អ្នកលក់រាយដែលស្តុកអាចរក្សាទុកបានដោយសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា ប្រទេសថៃបានបញ្ឈប់ការលក់ស្រានៅតាមហាងនានាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 ។ ប៉ុន្តែដោយសារស្ថានភាពនៅក្នុងប្រទេសមិនមានភាពប្រសើរឡើង ទីក្រុងបាងកកបន្ដហាមឃាត់ការលក់គ្រឿងស្រវឹង រហូតដល់ដាច់ខែមេសានេះ។ ខណៈនាយកដ្ឋានរដ្ឋបានប្រមូលពន្ធលើគ្រឿងស្រវឹងចំនួន ១៣២.២៣៦ ពាន់លានបាត គិតមកទល់ពេលនេះរាប់បញ្ចូលទាំង ៧០.០៩០ ពាន់លានបាតពីស្រាបៀរ និង ៦២.១៤៦ ពាន់លានបាតពីប្រភេទស្រា៕

ប្រភព៖ nationthailand
អត្ថបទ៖ លីនី