ចាប់តាំងពីវីរុស Covid-19 បានផ្ទុះឡើងនិងបានរាតត្បាតនៅតាមបណ្ដាប្រទេសជាច្រើននៅលើពិភពលោក គេសង្កេតឃើញថាប្រទេសចិនដែលជាប្រភពនៃការផ្ទុះឡើងនៃវីរុស និងជាជនរងគ្រោះបានក្លាយជាអ្នកជួយសង្គ្រោះប្រទេសជាច្រើនក្នុងការផ្គត់ផ្គង់ម៉ាស់ សម្ភារៈវេជ្ជសាស្រ្ត និងក្រុមគ្រូពេទ្យជំនាញទៅកាន់ប្រទេសដែលជាមហាមិត្ត និងតំបន់ដែលរងគ្រោះខ្លាំង។ ជាក់ស្ដែងគិតមកទល់ពេលនេះប្រទេសចិនបានបរិច្ចាគឧបករណ៍ដល់ប្រទេសជាង ១០០ រួចមកហើយ។
ការរាតត្បាតនៃវីរុសនេះបានផ្ដល់ឱកាសដល់ប្រទេសចិនក្នុងការបង្កើតទំនាក់ទំនងការទូតល្អជាមួយបណ្ដាប្រទេសជាច្រើនតាមរយៈការផ្ដល់ម៉ាស់ ឧបករណ៍ធ្វើតេស្ត៍ បំពង់ខ្យល់ និងទែម៉ូម៉ែត្រ។ ប៉ុន្តែខណៈពេលទំនាក់ទំនងការទូតរបស់ប្រទេសចិនកំពុងរីកចម្រើន ស្រាប់តែពេលថ្មីៗនេះលេចមុខអ្នកប្រកួតប្រជែងថ្មីគឺប្រទេសវៀតណាម។

តាមរយៈការបរិច្ចាគម៉ាស់រាប់រយពាន់ដល់ប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ និងបណ្តាប្រទេសអ៉ឺរ៉ុបក៏ដូចជាការលក់ឧបករណ៍ការពារដល់សហរដ្ឋអាមេរិកប្រទេសវៀតណាមបានទទួលការដឹងគុណនិងការទុកចិត្តពីមេដឹកនាំពិភពលោក។ ជាមួយគ្នានេះក្រុមហ៊ុនវៀតណាមចំនួន ៤០ កំពុងផលិតម៉ាស់ហើយវៀតណាមអះអាងថាខ្លួនមានសមត្ថភាពបន្ថែមទៀតប្រសិនបើចាំបាច់។

ទន្ទឹមនឹងនេះដែរប្រទេសវៀតណាមទទួលបានការសរសើរចំពោះគុណភាព និងមុខងារនៃការនាំចេញរបស់ខ្លួន។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានថ្លែងអំណរគុណជាសាធារណៈបន្ទាប់ពីប្រទេសរបស់លោកបានទិញសម្លៀកបំពាក់ចំនួន ៤៥០,០០០ឈុត ពីប្រទេសវៀតណាម។ ខណៈប្រទេសចិនបានទទួលរងនូវភាពអាម៉ាស់នៅពេលដែលក្រុមលក់រាយនៅអ៉ឺរ៉ុបបានខកចិត្តបញ្ជូនទំនិញដែលមានគុណភាពមិនល្អរាប់រយពាន់ត្រឡប់មកវិញ។

ហេតុដូច្នេះហើយទោះបីជាវូហានដែលជាកន្លែងផ្ទុះឡើងនៃវីរុស Covid-19 ឥឡូវកំពុងវិលត្រឡប់ទៅរកទម្រង់ធម្មតាខ្លះវិញក៏ដោយ ក៏ប្រទេសចិនកំពុងតែប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយនៃទំនាក់ទំនងសាធារណៈ។ ទីក្រុងប៉េកាំងត្រូវបានចោទប្រកាន់ពីបទលាក់បាំងប្រភពនៃការផ្ទុះដំបូង និងការរាយការណ៍អំពីការឆ្លងនិងការស្លាប់។ ដែលជាហេតុធ្វើឲ្យសហគមន៍អ៉ឺរ៉ុប (EU) បានរុញច្រានប្រឆាំងនឹងការប៉ុនប៉ងការទូតរបស់ទីក្រុងប៉េកាំង និងមានជំហរឆ្ពោះទៅរកសហរដ្ឋអាមេរិក។

បន្ថែមពីនេះភាពអាចរកបាននៃផលិតផលវៀតណាមបានផ្តល់ជម្រើសដល់ប្រទេសនានា ដោយប្រទេសនេះហៀបនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអ៊ឺរ៉ុប ហើយការទូតនេះមុខជាអាចជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមក៏ដូចជាជំហរការទូតរបស់ខ្លួននៅក្នុងតំបន់។ ទោះបីជាយ៉ាងនេះក្ដីបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ក៏កំពុងបង្កើនផលិតកម្មម៉ាស់ផងដែរក្នុងនោះរួមមានប្រទេសថៃ និងប្រទេសម៉យ៉ាន់ម៉ា៕
ប្រភព៖ aseantoday
អត្ថបទ៖ លីនី


