រដ្ឋាភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក Gavin Newsom កាលពីថ្ងៃសុក្រ ទី២៤ កន្លងទៅនេះបានប្រកាសបើកកម្មវិធីមួយដែលមានឈ្មោះថា «ភោជនីយដ្ឋានចែកចាយអាហារសម្រាប់មនុស្សវ័យចំណាស់» ដែលនឹងប្រើប្រាស់ហាងអាហារក្នុងស្រុកដើម្បីរៀបចំ និងចែកចាយអាហារដោយឥតគិតថ្លៃដល់មនុស្សចាស់ដែលត្រូវការជំនួយក្នុងវិបត្តិ Covid-19។ យោងតាម លោក Gavin Newsom កម្មវិធីនេះបានបង្កើតឡើងតាមរយៈភាពជាដៃគូជាមួយទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ ហើយកម្មវិធីនៅទូទាំងរដ្ឋបានចូលជាធរមានភ្លាមៗនៅថ្ងៃសុក្រនេះ ហើយក៏ជាលើកដំបូងនៅក្នុងសហរដ្ឋអាមេរិក។
លោកបានប៉ាន់ប្រមាណថាមនុស្សវ័យចំណាស់ជាង ៥.៧ លាននាក់នៅរដ្ឋកាលីហ្វ័រញ៉ា ហើយ ១.៧ លាននាក់នៃពួកគេគឺរស់នៅតែម្នាក់ឯងហើយប្រហែលជាមិនអាចចំអិនអាហារដោយខ្លួនឯងបានទេ។ យ៉ាងណាមិញបន្ថែមពីលើការជួយសង្គ្រោះដោយផ្ដល់អាហារឥតគិតថ្លៃ កម្មវិធីភោជនីយដ្ឋានចែកចាយអាហារសម្រាប់មនុស្សវ័យចំណាស់ ក៏បានបង្កើតការងារដលប្រជាពលរដ្ឋផងដែរ។ ភាពជាដៃគូនេះនឹងអនុញ្ញាតឱ្យភោជនីយដ្ឋានមានសមត្ថភាពដើម្បីចាប់ផ្តើមជួលបុគ្គលិក ឬ រក្សាការងារប្រជាជនកុំឲ្យបាត់បង់។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលក្នុងតំបន់នឹងទទួលខុសត្រូវក្នុងការជ្រើសរើសភោជនីយដ្ឋានសម្រាប់កម្មវិធីនេះ ដោយភោជនីយដ្ឋានចែកចាយអាហារសម្រាប់មនុស្សវ័យចំណាស់ នឹងផ្ដល់អាហារបីពេលក្នុងមួយថ្ងៃរយៈពេលមួយសប្ដាហ៍ពេញសម្រាប់មនុស្សវ័យចំណាស់។ ទោះបីជាយ៉ាងនេះក្ដីមកទល់ពេលនេះមិនទាន់មានចំនួនហាងពិតប្រាកដដែលត្រូវបានជ្រើសនៅឡើយទេ ប៉ុន្តែអាទិភាពនឹងផ្ដល់ទៅលើភោជនីយដ្ឋានណាដែលផ្ដល់អាហារូបត្ថម្ភតាមរយៈការគាំទ្រផលិតផលដែលដាំដុះក្នុងស្រុក៕



ប្រភព៖ cnbc
អត្ថបទ៖ លីនី


