ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានអះអាងថា ផលស្តុកអង្ករសរុបនៅទូទាំងប្រទេសកម្ពុជាអាចផ្គត់ផ្គង់បានរហូតដល់ ៦ខែទៀត ក្នុងកាលៈទេសៈពិភពលោកជួបវិបិត្តសន្តិសុខស្បៀងដោយការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផលស្តុកអង្ករសរុបមាននៅតាមឃ្លាំង រោងម៉ាស៊ីនកិនស្រូវ តាមសហគមន៍ និងនៅតាមផ្ទះប្រជាជន ដោយមិនរាប់បញ្ចូលកន្លែងលក់អង្ករក្នុងពេលបច្ចុប្បន្ននៅសល់ប្រហែលជាង ១លាន ៥សែនតោន។
ឯកឧត្តមបានបន្តថា ចំនួននេះអាចផ្គត់ផ្គង់បានរហូតដល់ ៦ខែទៀត ខណៈការបង្កបង្កើនផលស្រូវវស្សារបស់កសិករចាប់ផ្តើមជាបណ្ដើរៗដោយបានជិត២ម៉ឺនហិកតា ទន្ទឹមនឹងការប្រមូលផលស្រូវប្រាំងនៅតាមបណ្តាខេត្តមួយចំនួន ក៏បាននឹងកំពុងបង្ហើយនៅចុងរដូវនេះ ដើម្បីឈានទៅចាប់ផ្តើមស្រូវដើមរដូវឡើងវិញ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២១ ខែមេសា ឯកឧត្តម បានពន្យល់ថា ក្នុងរយៈពេល ៦ខែខាងមុខនេះ ការផ្គត់ផ្គង់អង្ករក្នុងស្រុកត្រូវការតែក្នុងបរិមាណប្រហែល ១លាន ១សែនតោនប៉ុណ្ណោះ។

ចំណែកសល់ ៤សែនទៀត គឺជាប្រភេទអង្ករ ក្រអូបដែលត្រៀមនាំចេញទៅទីផ្សារបរទេស ដោយផលស្តុកអង្ករនៅក្នុងប្រទេសកម្ពុជា ពុំចោទជាបញ្ហាខ្វះស្បៀង ក្នុងកាលៈទេសៈកម្ពុជា ក៏ដូចជាពិភពលោកជួបវិបិត្តដោយការរាតត្បាតនៃជំងឺកូវីដ-១៩នោះឡើយ។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែមីនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលទម្លាក់ថវិកាឲ្យរោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីប្រជាពលរដ្ឋមករក្សាទុកក្នុងតម្លៃសមរម្យ ដើម្បីធានាសន្តិសុខស្បៀងនៅកម្ពុជា ស្របពេលប្រទេសជាតិកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩៕

ប្រភព៖ ក្រសួងព័ត៌មាន


