ថៃបន្តពន្យារទិដ្ឋការជនបរទេសរយៈពេល ៣ខែ បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19
សេដ្ឋកិច្ច April 22, 2020 Chan Sreyny

ប្រទេសថៃពន្យារទិដ្ឋការជនបរទេសរយៈពេល ៣ខែ បន្ថែមទៀត ក្នុងគោលបំណងការពារកុំឲ្យមានការតម្រង់ជួររង់ចាំវែងនៅមជ្ឈមណ្ឌលចំណាកស្រុកដែលអាចបង្កឲ្យមានការរីករាលដាលនៃវីរុស COVID-19។ លោកស្រី Narumon Pinyosinwat អ្នកនាំពាក្យរដ្ឋាភិបាលថៃបាននិយាយថា ជនបរទេសដែលមានទិដ្ឋាការផុតកំណត់ចាប់តាំងពីថ្ងៃទី២៦ ខែមីនានឹងត្រូវអនុញ្ញាតឱ្យស្នាក់នៅរហូតដល់ថ្ងៃទី៣១ ខែកក្កដាដោយមិនចាំបាច់ដាក់ពាក្យសុំពន្យាពេល។

យ៉ាងណាមិញនេះជាការពន្យារពេលលើកទី២ ហើយដែលរដ្ឋាភិបាលថៃមិនអនុញ្ញាតឲ្យជនបរទេសចាកចេញពីប្រទេសបានដោយសារជំងឺរាតត្បាត។ ជាក់ស្ដែងការលើកលែងទិដ្ឋាការលើកដំបូងត្រូវបានផ្តល់រហូតដល់ថ្ងៃទី ៣០ ខែមេសា។ ជាមួយគ្នានេះដែរដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃ COVID-19 ចាប់តាំងពីចុងខែមីនាប្រទេសថៃបានហាមឃាត់ការចូលមកក្នុងប្រទេសរបស់ជនបរទេស លើកលែងតែអ្នកការទូត និងអ្នកកាន់ប័ណ្ណការងារ ដែលនេះជាវិធានការមួយដើម្បីទប់ស្កាត់ការរីកររាលដាលនៃវីរុស ដោយរហូតមកដល់ពេលនេះប្រទេសថៃមានអ្នកឆ្លងចំនួន ២,៨១១ នាក់និងអ្នកស្លាប់ចំនួន ៤៨ នាក់៕

ប្រភព៖ en.vietnamplus
អត្ថបទ៖ លីនី