អតីតសេដ្ឋីសិង្ហបុរីម្នាក់បានក្ស័យធន ប៉ុន្តែលាក់បាំងការខាតបង់រាប់ឆ្នាំមកហើយ ទីបំផុតត្រូវសុំផ្អាកសំណងទៅធនាគារដែលខ្លួនបានជំពាក់ទាំងអស់
សេដ្ឋកិច្ច April 22, 2020 Khmernote

ក្រុមហ៊ុន Hin Leong Trading ដែលជាអ្នកជំនួញប្រេងឯករាជ្យដ៏ធំបំផុតមួយនៅប្រទេសសិង្ហបុរី បាននិយាយថា ខ្លួនខកខានក្នុងការប្រកាសអំពីការខាតបង់នាពេលអនាគតប្រមាណ ៨០០លានដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ បើតាមការចុះផ្សាយរបស់ Forbes បានឱ្យដឹងថា ពេលនេះក្រុមហ៊ុនកំពុងស្វែងរកការផា្អកសំណងរយៈពេល ៦ខែ លើបំណុលទឹកប្រាក់ចំនួន ៣.៨៥ ពាន់លានដុល្លារ ដែលខ្លួនជំពាក់ធនាគារចំនួន២៣។

ស្ថាបនិក និងជានាយកក្រុមហ៊ុន លោក Lim Oon Kuin អាយុ ៧៧ឆ្នាំ ត្រូវបានគេឱ្យដឹងថា ជាអ្នកទទួលខុសត្រូវក្នុងការដឹកនាំនាយកដ្ឋានហិរញ្ញវត្ថុ ដើម្បីលាក់បាំងការខាតបង់រាប់រយលានដុល្លារពីការលេចចេញ នៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

កូនប្រុសតែមួយគត់របស់គាត់គឺលោក Evan Lim Chee Meng បាននិយាយនៅក្នុងឯកសារដាច់ដោយឡែកមួយថា ឪពុករបស់គាត់បានលក់ស្តុកប្រេងរបស់ក្រុមហ៊ុន ហើយបានប្រើប្រាស់ប្រាក់ទាំងនោះជាមូលនិធិទូទៅ ទោះបីប្រេងទាំងនោះត្រូវទុកបម្រុងជាទ្រព្យធានា ដើម្បីធានាប្រាក់កម្ចីពីធនាគារទាំងនោះក៏ដោយ។ លោក Evan បានសរសេរថា៖ «ជាលទ្ធផលវាមានបរិមាណស្តុកតិចណាស់ បើប្រៀបធៀបទៅនឹងបរិមាណសារពើភ័ណ្ឌដែលត្រូវធានា ចំពោះធនាគារដែលបានផ្តល់ហិរញ្ញប្បទាន»។

គួរឱ្យដឹងដែរថា លោក Evan ក៏ជានាយកក្រុមហ៊ុន Hin Leong និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Ocean Tankers ដែលជាក្រុមដឹកជញ្ចូនរបស់ក្រុម Hin Leong និងបានអះអាងថា ខ្លួនជាម្ចាស់នៃការដឹកជញ្ជូនប្រេងរាប់ពាន់ ប៉ុន្តែក៏បានដាក់ពាក្យស្នើសុំការការពារក្ស័យធនពីម្ចាស់បំណុលផងដែរ នៅក្រោមមាត្រា ២១១ B នៃច្បាប់ក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី។ យោងតាមឯកសាររបស់ក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុនទាំងពីរគឺជាកម្មសិទ្ធិរបស់គ្រួសារ Lim តែប៉ុណ្ណោះគ្មាននរណាចូលរួមនោះទេ៕

អត្ថបទ៖ លីដា
ប្រភព៖ Forbes