តម្លៃប្រេងធ្លាក់ក្រោម ០ មានន័យដូចម្ដេចសម្រាប់អ្នកទិញ?
សេដ្ឋកិច្ច April 21, 2020 Khmernote

តម្លៃប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះក្រោម ០ ដុល្លារក្នុងមួយបារ៉ែល កាលពីថ្ងៃចន្ទជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ដែលវាជាសញ្ញានៃបញ្ហាសកលដែលមិនធ្លាប់មានពីមុនមក នៅពេលដែលវីរុស COVID-19 បានរាលដាលខ្លាំងដែលរារាំងការធ្វើដំណើរ និងផ្អាកសកម្មភាពសេដ្ឋកិច្ច។ កិច្ចសន្យាសម្រាប់ប្រេងឆៅរបស់ West Texas Intermediate ឬ WTI គឺជាតម្លៃគោល (benchmark) សម្រាប់តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក។ តម្លៃធ្លាក់ចុះកាលពីថ្ងៃច័ន្ទគឺដូចរូបខាងក្រោមនេះ៖

តើតម្លៃព្យាករណ៍អវិជ្ជមានមានន័យដូចម្ដេច?

តម្លៃប្រេងឆៅក្នុងមួយធុងៗអាចប្រែប្រួលទៅតាមកត្តាដូចជា៖ ការផ្គត់ផ្គង់ តម្រូវការ និងគុណភាព។ ការផ្គត់ផ្គង់ប្រេងឥន្ធនៈមានលើសពីតម្រូវការខ្លាំង ចាប់តាំងពីវីរុស COVID-19 បានបង្ខំឱ្យមនុស្សរាប់ពាន់លាននាក់បញ្ឈប់ការធ្វើដំណើររបស់ពួកគេ។ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវ កន្លែងស្តុកប្រេងរបស់ WTI បានពេញហូរហៀរ ហើយវាពិបាករកកន្លែងទំនេរសម្រាប់ស្ដុកថ្មីៗទៀត។ ដូចដែលរដ្ឋបាលព័ត៌មានថាមពលអាមេរិកបាននិយាយកាលពីសប្តាហ៍មុនថា ស្តុកប្រេងនៅឯតំបន់ Cushing ក្នុងរដ្ឋ Oklahoma ដែលជាបេះដូងនៃបណ្តុំប្រេងអាមេរិក នៅសល់ប្រហែល ៧២% គិតត្រឹមថ្ងៃទី១០ ខែមេសា។

លោក Bob Yawger នាយកក្រុមហ៊ុនព្យាករណ៍តម្លៃអនាគត Mizuho ប្រចាំទីក្រុងញូវយ៉ក បាននិយាយថា៖ «មិនមានកន្លែងស្តុកទុកទៀតទេ ដូច្នេះតម្លៃទំនិញគឺគ្មានតម្លៃឡើយ»។ គាត់បានបន្ថែមថា៖ «ដូច្នេះនៅពេលដែលវាមានតម្លៃ -១ដុល្លារ មានន័យថាអ្នកស្ដុកនឹងសងអ្នកមួយដុល្លារ ដើម្បីយកទំនិញចេញពីទីនោះវិញ»។

ការធ្លាក់ចុះតម្លៃនេះគឺដោយសារតែវិធីដែលប្រេងត្រូវបានជួញដូរ។ កិច្ចសន្យានាពេលអនាគត ឬគេហៅថា futures contract គឺសម្រាប់ប្រេងឆៅចំនួន ១,០០០ បារ៉ែល ដែលត្រូវបញ្ជូនទៅតំបន់ Cushing ដែលជាកន្លែងក្រុមហ៊ុនថាមពលជាច្រើនគ្រប់គ្រងអាងស្តុកប្រេង ដែលមានសមត្ថភាពស្ដុកបានប្រហែល ៧៦លានបារ៉ែល។

កិច្ចសន្យានីមួយៗធ្វើពាណិជ្ជកម្មរយៈពេលមួយខែ ដោយកិច្ចសន្យាសម្រាប់ខែឧសភានឹងត្រូវផុតកំណត់នៅថ្ងៃអង្គារនេះ។ ដូច្នេះពួកវិនិយោគិនដែលកាន់កិច្ចសន្យាខែឧសភា មិនចង់ទទួលប្រេង និងចំណាយថ្លៃសម្រាប់ការស្ដុកថ្មីទៀតទេ ដូច្នេះនៅទីបញ្ចប់ពួកគេត្រូវបង់លុយឱ្យគេផ្សេងជួយយកពីដៃវិញ។

សម្រាប់កិច្ចសន្យានៅខែមិថុនា ដែលនឹងត្រូវដឹកចូលនៅខែក្រោយ គឺកំពុងមានតម្លៃលើសពី ២០ដុល្លារ ក្នុងមួយបារ៉ែល ប៉ុន្តែការធ្លាក់ចុះថ្លៃនេះបង្ហាញថា ស្តុកភាគច្រើនគឺបានពេញហូរហៀរហួសតម្រូវការ។

តើនេះមានន័យដូចម្ដេចសម្រាប់អ្នកប្រើប្រាស់?

លោក Tom Kloza អ្នកវិភាគជើងចាស់នៃសេវាកម្មព័ត៌មានតម្លៃប្រេងបាននិយាយថា ការធ្លាក់ថ្លៃប្រេងឆៅនាពេលអនាគត នៅឯតំបន់ Cushing នឹងមិនធ្វើឱ្យតម្លៃប្រេងនៅតាមស្ថានីយចាក់ប្រេងចុះថោកតាមនោះទេ។

លោក Kloza បាននិយាយថា៖ «ខ្ញុំគិតថាវាជារឿងផ្ទៃក្នុង។ យើងនឹងបន្តមើលឃើញតម្លៃប្រេងសាំង តម្លៃប្រេងម៉ាស៊ូត និងប្រេងសម្រាប់យន្ដហោះ មានថ្លៃទាបជាងនេះនៅខែឧសភា ប៉ុន្តែយើងមិនគួរសន្និដ្ឋានថាយើងនឹងឃើញមានការចែកប្រេង FREE ឬថាយើងនឹងឃើញថាវាចុះថោក ដូចដែលប្រេងឆៅចុះថោកនាពេលនេះនោះទេ»។ លោកបន្តថា ជាមួយនឹងតម្លៃប្រេងទាបបច្ចុប្បន្ននេះ គ្រួសារអាមេរិកធម្មតាសន្សំប្រាក់ ១៥០ដុល្លារ ទៅ ១៧៥ ដុល្លារក្នុងខែពីការទិញប្រេង។

តើវាមានន័យយ៉ាងដូចម្តេចចំពោះការហោះហើរ?

សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលខ្វះខាត ការធ្លាក់ចុះនៃតម្លៃប្រេងឆៅនឹងធ្វើឱ្យប្រតិបត្តិការរបស់ពួកគេមានការចុះថោក (ទាំងដែលការពិតស្ទើរតែគ្មានអ្នកជិះសោះ) ខណៈដែលមនុស្សនៅតែក្នុងផ្ទះដោយសារតែវីរុស COVID-19។ អ្នកវិភាគអ្នកស្រី Savanthi Syth របស់ក្រុមហ៊ុនវិនិយោគ Raymond James បាននិយាយថា ការធ្លាក់ចុះនៃតម្លៃប្រេងឆៅក៏បង្ហាញថា ទីផ្សារមិនរំពឹងថាក្រុមហ៊ុនអាកាសចរណ៍នឹងមានជើងហោះហើរឡើងវិញទេ ព្រោះតែការខ្វះអតិថិជននេះ។

តើវាបង្ហាញពីការទាក់ទងនៅពេលសេដ្ឋកិច្ចងើបឡើងវិញដោយរបៀបណា?

ខណៈពេលដែលវិនិយោគិន និងអ្នកវិភាគ ផ្ទៀងមើលតាមបច្ចេកទេសពីអ្វីដែលបានរួមចំណែកដល់ការធ្លាក់ចុះតម្លៃប្រេងនេះ អ្នកផ្សេងទៀតកំពុងព្យាយាមសន្សែសន្យំវាទុក ដែលវាអាចបង្ហាញអំពីសេដ្ឋកិច្ចនាពេលខាងមុខ។ ពោលគឺក្នុងរយៈពេល ២ ឬ ៣ខែចុងក្រោយនេះ ប្រេងរហូតដល់ទៅ ៣០ លានបារ៉ែល ក្នុងមួយថ្ងៃ (ដែលធ្លាប់ជាតម្រូវការពិភពលោក៣០%) ត្រូវបានគេបូមចូលស្តុកនៅទូទាំងពិភពលោក។

ដូច្នេះទោះបីតម្រូវការ ត្រូវត្រឡប់ទៅកម្រិតធម្មតាវិញក៏ដោយ វាត្រូវការពេលយូរដើម្បីប្រើប្រេងឆៅទាំងអស់នោះឱ្យអស់។

លោក Kevin Flanagan ប្រធានយុទ្ធសាស្រ្តប្រាក់ចំណូលថេរសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ Wisdomtree នៅញូវយ៉កនិយាយថា៖«អ្វីដែលទីផ្សារថាមពលកំពុងប្រាប់អ្នកគឺថា តម្រូវការនឹងមិនត្រលប់មកវិញក្នុងពេលឆាប់ៗនេះទេ ខណៈពេលមានការស្ដុកប្រេងច្រើនជ្រុល»។

តម្លៃប្រេងសម្រាប់កិច្ចសន្យាប្រេងក្នុងខែមិថុនាក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរកាលពីថ្ងៃច័ន្ទ ដោយធ្លាក់ចុះ ១៨.៤% ពោលគឺនៅសល់ ២០.៤៣ ដុល្លារក្នុងមួយបារ៉ែល។ នោះគឺជាទស្សនៈដែលអាចជឿទុកចិត្តបានជាងមុន អំពីរបៀបដែលឈ្មួញកំពុងគិតអំពីតម្រូវការអតិថិជនសម្រាប់ថាមពលនាពេលអនាគត។ វាមិនទាបជាងសូន្យរហូតទេ ប៉ុន្តែវាកំពុងធ្លាក់ចុះខ្លាំង៕

អត្ថបទ៖ លីដា
ប្រភព៖ CNA