ឥណ្ឌូនេស៊ី កាត់បន្ថយពន្ធលើវិស័យអាជីវកម្មចំនួន១១ប្រភេទ ដែលរងផលប៉ះពាល់ដោយសារ កូវីដ-១៩
សេដ្ឋកិច្ច April 21, 2020 Khmernote

ប្រទេសឥណ្ឌូនេស៊ីនឹងដាក់ចេញច្បាប់កាត់បន្ថយពន្ធកាន់តែច្រើន លើវិស័យអាជីវកម្មចំនួន ១១ ដែលស្រដៀងនឹងការលើកទឹកចិត្តដែលបានផ្តល់ដល់ឧស្សាហកម្មផលិតកម្មដើម្បីជួយដល់ក្រុមហ៊ុនដែលរងផលប៉ះពាល់ពីការរាត្បាតនៃវីរុសកូវីដ១៩។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ីលោកស្រី Sri Mulyani Indrawati បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះថាវិស័យទាំង ១១ នោះរួមមាន ស្បៀងអាហារ ពាណិជ្ជកម្ម អគ្គិសនី ប្រេងនិងឧស្ម័នរ៉ែ ធ្យូងថ្ម ព្រៃឈើ ទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត ទូរគមនាគមន៍ ភស្តុភារដឹកជញ្ជូន និងសំណង់។

លោកស្រីបានបន្ថែមថា ការលើកទឹកចិត្តដែលរដ្ឋាភិបាលបានផ្ដល់គឺក្នុងទំរង់នៃការលើកលែងពន្ធលើប្រាក់ចំណូលបុគ្គល ពន្យាពន្ធនាំចូល និងការបញ្ចុះតម្លៃ ៣០% លើពន្ធសាជីវកម្ម។ ហើយកម្មវិធីទាំងនេះនឹងត្រូវដាក់បញ្ចូលទៅក្នុងកញ្ចប់ជម្រុញសកម្មភាពលើកទី៤ ដែលរដ្ឋាភិបាលកំពុងបញ្ចប់។ ទន្ទឹមនឹងនេះលោកស្រីបានបន្តថា គ្រោះមហន្តរាយដែលបង្កឡើងដោយវីរុសកូវីដ-១៩ នេះ​ អាចធ្វើឱ្យខូចខាតដល់អាជីវកម្ម និងបង្កឱ្យមានភាពក្ស័យធនយ៉ាងខ្លាំង ដោយកត់សម្គាល់ថារដ្ឋាភិបាលកំពុងព្យាយាមផ្តោតលើការជំរុញដើម្បីកាត់បន្ថយវិបត្តិសេដ្ឋកិច្ចចំពោះប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះរដ្ឋាភិបាលឥណ្ឌូនេស៊ីបានប្រកាសលុបចោលពន្ធសម្រាប់ឧស្សាហកម្មផលិតកម្មដែលមានតម្លៃ ២២.៩ ទ្រីលានរូពៀ (១.៤៦ ពាន់លានដុល្លារ) ។ ខណៈដែលកម្មករ កម្មការនីដែលមានប្រាក់ចំណូលក្រោម ២០០ លានរូពីក្នុងមួយឆ្នាំនឹងត្រូវរួចផុតពីការបង់ពន្ធលើប្រាក់ចំណូល។ ដោយឡែកពន្ធលើប្រាក់ចំណេញសាជីវកម្មសម្រាប់វិស័យផលិតកម្មក៏ត្រូវបានកាត់បន្ថយ ៣០% ផងដែរហើយការបង់ពន្ធលើការនាំចូលបានពន្យាពេលដូចគ្នា។ ក្រៅពីនេះឥណ្ឌូនេស៊ី​ក៏បានត្រៀមថវិកាចំនួន ៤០៥.១ ទ្រីលានរូពៀពីថវិកាជាតិឆ្នាំ២០២០ សម្រាប់តម្រូវការវេជ្ជសាស្ត្ របណ្តាញសុវត្ថិភាពសង្គម និងការផ្តល់ជំនួយសង្គ្រោះសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមដែលរងផលប៉ះពាល់ពីជំងឺរាតត្បាតផងដែរ៕

ប្រភព៖ vietnamplus
អត្ថបទ៖ លីនី